រដ្ឋាភិបាលថៃ បានប្រកាសកាលពីថ្ងៃទី៤ ខែកុម្ភៈថា ខ្លួននឹងកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីជាបណ្តោះអាសន្ន ដល់តំបន់មួយចំនួននៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីកសាយភាយនៃមជ្ឈមណ្ឌលឆបោក និងក្រុមឧក្រិដ្ឋកម្មអនឡាញ ដែលបោកប្រាស់មនុស្សឲ្យទៅធ្វើការ និងធ្វើទារុណកម្ម។
ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៤ ខែកុម្ភៈ ថា «យើងត្រូវតែផ្តាច់ចរន្តអគ្គិសនីជាបន្ទាន់» ហើយលោកក៏បានបន្ថែមថា រដ្ឋាភិបាលនឹងណែនាំភ្នាក់ងារអគ្គិសនីខេត្ត ដែលផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ព្រំដែនជាមួយមីយ៉ាន់ម៉ា ឱ្យចាត់វិធានការ, នេះបើយោងតាម Reuters ។
ដោយឡែក បើយោងតាមរបាយការណ៍អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន បង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក និងចូលរួមក្នុងសកម្មភាពអនឡាញខុសច្បាប់នៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ។
របាយការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ ២០២៣ ក៏បានប៉ាន់ប្រមាណថា សកម្មភាពទាំងនេះអាចរកចំណូលបានរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ិនធើរណែតនេះ បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីតារាសម្ដែងចិន Wang Xing ត្រូវបានចាប់ជំរិតបន្ទាប់ពីបានមកដល់ប្រទេសថៃកាលពីខែមុន។ ប៉ូលិសថៃបានជួយសង្គ្រោះលោក Wang បន្ទាប់ពីរកឃើញគាត់នៅមីយ៉ាន់ម៉ា។
ប្រទេសថៃ មានការព្រួយបារម្ភអំពីផលប៉ះពាល់នៃឧប្បត្តិហេតុបែបនេះ មកលើឧស្សាហកម្មទេសចរណ៍របស់ខ្លួន ហើយកំពុងស្វែងរកការបន្ធូរបន្ថយកង្វល់របស់ភ្ញៀវទេសចរចិនអំពីសុវត្ថិភាព។
នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានប្រកាសថា ការពិភាក្សានឹងត្រូវធ្វើឡើងជាមួយក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសនៅថ្ងៃទី៤ ខែកុម្ភៈ លើវិធានការផ្សេងៗ ដើម្បីដោះស្រាយជាមួយនឹងមជ្ឈមណ្ឌលបោកប្រាស់ រួមទាំងការកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលផងដែរ។
នាងបាននិយាយថា៖ «អ្វីដែលបានកើតឡើងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនថៃ និងមុខមាត់ប្រទេសជាច្រើន។
ពេលសួរថា តើការដាច់ចរន្តអគ្គិសនីនឹងត្រូវធ្វើនៅពេលណា អ្នកស្រីបាននិយាយថា៖ «ប្រសិនបើយើងពិភាក្សាគ្នាថ្ងៃនេះហើយបានច្បាស់លាស់ យើងអាចធ្វើបានថ្ងៃនេះ»។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសថៃបាននិយាយថា ភស្តុតាងដែលបង្ហាញថាអង្គការឧក្រិដ្ឋកម្មឆ្លងដែនកំពុងប្រតិបត្តិការនៅក្នុងទីតាំងដូចជា Tachileik, Myawaddy និង Payathonzu ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបានរាយបញ្ជីតំបន់ដែលអាចរងផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនី។
នៅក្នុងអត្ថបទដ៏កម្រមួយអំពីមជ្ឈមណ្ឌលបោកប្រាស់ កាលពីខែមុន កាសែត Global New Light of Myanmar (Myanmar) បាននិយាយថា ការផ្គត់ផ្គង់សំខាន់ៗ រួមទាំងអគ្គិសនី និងអ៊ីនធឺណែតមិនត្រូវបានផ្តល់ដោយប្រទេសមីយ៉ាន់ម៉ាទេ ប៉ុន្តែដោយប្រទេសមួយផ្សេងទៀត ដែលមានន័យថាជាយប្រទេសថៃ។
យោងតាមកាសែតនេះ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើមាតុភូមិនិវត្តន៍ជនបរទេសជាង ៥៥,០០០ នាក់ ដែលភាគច្រើនជាជនជាតិចិន ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងកន្លែងឆបោកដ៏ស្មុគស្មាញ៕