ក្រៅពីប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសបាននូវថ្នាក់ចរាចរណ៍កើតឡើង នោះសុខសុវត្ថិភាពនៅជុំវិញដងផ្លូវ គឺជារឿងមួយដ៏សំខាន់ខ្លាំងណាស់ សម្រាប់អ្នកបើកបរទាំងឡាយ ក៏ដូចជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ព្រោះថា ប្រសិនតំបន់ណាមួយនោះមិនមានសុខសុវត្ថិភាពទេ ប្រជាជនប្រាកដណាស់ជាមានភាពភ័យខ្លាច និងបាត់បង់ជំនឿចិត្តយ៉ាងខ្លាំងតែម្តង ចំពោះអាជ្ញាធរគ្រប់គ្រងដែនដីនៅទីនោះ ។
ជាក់ស្តែងណាស់ កាលពីពេលកន្លងទៅថ្មីៗនេះ នារីស្រស់ស្អាតម្នាក់ ខណៈពេលដែលកំពុងតែធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងគោលបំណងត្រលប់មកផ្ទះវិញ ស្រាប់តែមានអ្នកគប់កញ្ចក់ឡាន បានធ្វើឲ្យមានការភ័យខ្លាចជាខ្លាំង ប៉ុន្តែ សំណាងល្អហើយ ដែលនាង និងអ្នករួមដំណើរដទៃទៀត ពុំទទួលរងរបួសប៉ះពាល់អ្វីនោះទេ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Nara Daroth បានបង្ហោះរូបភាព២សន្លឹកបង្ហាញឲ្យឃើញបំណែកកំទេចកម្ទីរកញ្ចក់រាយប៉ាយនៅលើកៅអីតៃកុង បន្ទាប់រងការគប់ដុំថ្ម និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សម្រាប់អ្នកដែលជិះកាត់ផ្លូវជាតិលេខ3 ម្ដុំដើមត្រាំងដល់វត្តអង្គសេរី មិនថាត្រូវជិះកាត់ដោយមានការងារបន្ទាន់ ដើរលេង ឬជិះកាត់ធម្មតានៅពេលយប់មេត្តាប្រុងប្រយ័ត្នផង.យប់មិញម៉ោងជាង11យប់ ពេលជិះតាមផ្លូវនេះ ត្រឡប់មកផ្ទះវិញ មានការលួុចស្ទាកគប់បែកកញ្ចក់ឡានខាងតៃកុងឡានតែម្ដង មិនដឹងថាវាមានបំណងគប់លេងឬករណីប្លន់យ៉ាងណានោះទេ.ចឹងបើបានជិះ ឬត្រូវជិះកាត់ផ្លូវនោះយប់ព្រលប់រាល់ថ្ងៃ សូមមេត្តាប្រុងប្រយ័ត្នឨ្យបានខ្ព្ស់ ព្រោះឥឡូវជិះម៉ូតូក៏ខ្លាច ជិះឡានក៏ខ្លាចដែរ.» ៕ ដោយ៖ ឧត្តម