ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំ ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ ដោយបានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ មានសិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយឡើងវិញនោះ ឱ្យទៅគណៈកម្មការទី៦ នៃរដ្ឋសភាសិក្សាឱ្យបានច្បាស់លាស់ មុននឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភាអនុម័ត។
សេចក្តីស្នើច្បាប់នេះត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្ត្រចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ ៖
បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណ បក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។
បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយ ពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់បរធនបាលកិច្ច ដែលរាជរដ្ឋាភិបាលស្នើសុំរដ្ឋសភាអនុម័ត ជូនដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មា ធិការអចិន្ត្រៃយ៍ រដ្ឋសភាវិញ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអនុម័តប្រគល់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលតំណាងក្រុម តំណាងរាស្ត្រហត្ថលេខី ស្នើសុំរដ្ឋសភាអនុម័តដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យ និងសិក្សា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
សូមបញ្ជាក់ថា ការរៀបចំសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលា ការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហ ជីពជាដើម។ រាជរដ្ឋាភិបាលបានអំពាវនាវ ដល់តុលាការឱ្យពន្លឿននីតិវិធីចំពោះបុគ្គលដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់៕ ដោយ ៖ កូឡាប