ខេត្តស្វាយរៀង ៖ ទំនាស់ដីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋស្ថិតនៅភូមិព្រៃឈើទាលឃុំប្រសូត្រស្រុកស្វាយទាបខេត្តស្វាយរៀងបានក្លាយទៅជាការវាយបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ក្រោយពីបានស្នើពីអាជ្ញាធរភូមិឃុំស្រុកខេត្តដែលពាក់ព័ន្ធឲ្យមកចុះជួយដោះស្រាយផ្លូវលំចូលផ្ទះដោយប្រជាពលរដ្ឋចំនួន៥ គ្រួសារដែលបានស្នើសុំបើកផ្លូវលំចូលផ្ទះមានទំហំទទឹង៣ម៉ែត្រនិងប្រជាពលរដ្ឋមួយគ្រួសារដែលជាម្ចាស់ដីនៅផ្លូវដើមទីដីចូលភូមិនាពេលកន្លងមក។
ភាគីទាំងពីរបានព្រមព្រៀងនឹងទទួលយកដោយមានចុះកិច្ចសន្យាត្រឹមត្រូវអស់ហើយតែមកដល់បច្ចុប្បន្នខណៈដែលភាគីខាងម្ចាស់ដីចាប់ផ្តើមធ្វើរបងទៅតាមប្លង់ដីដែលមានស្រាប់ចេញដោយមន្ទីរដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តស្វាយរៀងនោះបែរជាភាគីចំនួន៥គ្រួសារបានបដិសេធមិនទទួលយកដោយយកការដោះស្រាយទាំងនោះទេបែរជានាំគ្នាយកកាំបិត.ពូថៅមកវាយបំផ្លាញបង្គោលរបងរបស់ភាគីខាងម្ចាស់ដីទៅវិញ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលជាម្ចាស់ដីភូមិផ្លូវដើមទីឈ្មោះ លោក ជិន ឌឿន រស់នៅទីកន្លែងទំនាស់នោះបានឱ្យក្រុមអ្នកសារព័ត៍មានដឹងថាៈប្រជាពលរដ្ឋទាំង៥គ្រួសារ ដែលបានបដិសេដនោះមានឈ្មោះដូចខាងក្រោម ទី១.ឈ្មោះកុយ សាវ៉ុន ទី២.ឈ្មោះ ហាយ មន្ថា.ទី ៣. ឈ្មោះ កុយ សារ៉ាន់ ទី.៤ ឈ្មោះចាន់ ង៉ៅ និងទី ៥.ឈ្មោះ ហាយ ចន្នាត់ ជាអ្នកតំណាងដែលជាអ្នកបដិសេធមិនទទួលស្គាល់ទៅវិញ។
បើតាមលោកស្រីមេភូមិព្រៃឈើទាល.លោកមេឃុំប្រសូត្រនិងមន្ត្រីខាងអន្តរវិស័យដែលបានចុះវាស់វែងនិងដោះស្រាយសម្របសម្រួលឲ្យប្រជាពលរដ្ឋទាំងសងខាងនោះបានប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យដឹងកាលពីចុងសប្តាហ៍កន្លងទៅនេះថាៈកាលពីថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០១៦ នាពេលកន្លងមកភាគីទាំងអស់បានព្រមព្រៀងគ្នានិងចុះកិច្ចសន្យាព្រមទទួលយកពីភាគីដីម្ខាងទៀតដែលមានដីជាប់និងផ្លូវចូលភូមិដែរនោះឈ្មោះលោក ព្រុំ ស៊ីន ក៍បានឯកភាពឲ្យដីចំនួន០.៨ ម៉ែត្រ ពីអ័ក្សតាន់(ភ្លឺស្រែពីបុរាណ)ហើយលោកជិន ឌឿនក៏បានឯកភាពឲ្យដីចំនួន ២.២ម៉ែត្រ ពីអ័ក្សភ្លឺតាន់ ទៅប្រជាពលរដ្ឋ ទាំង៥គ្រួសារ សម្រាប់ធ្វើជាផ្លូវចូលផ្ទះគម្រប់៣ម៉ែត្រតាមការស្នើសុំប្រាកដមែន។
ប្រភពដដែលបានបន្តថា ៖ ក្រោយពេលដែលភាគីទាំងសងខាងបានព្រមព្រៀងនិងឯកភាពគ្នាដោយបានផ្ដិតមេដៃទទួលយកផ្លូវចូលផ្ទះរបស់ខ្លួនចំនួន ៣ម៉ែត្រពិតប្រាកដមែនក៏ប៉ុន្តែមកដល់ថ្ងៃទី ២៨ វិច្ឆិកាឆ្នាំ ២០១៨នេះ នៅពេលដែលភាគីឈ្មោះជិន ឌឿនបានធ្វើរបង(ម្ចាស់ដីភូមិផ្លូវដើមទី)បានធ្វើរបងស្រាប់តែភាគីទាំង៥គ្រួសារបាននាំគ្នាយកាំបិតពូថៅមកវាយបង្គោលរបងបេតុងដែលបានចាក់ពុម្ពរួចនិងមួយដើមទៀតកំពុងចាក់ពុម្ពបណ្តាលឱ្យខូចខាតហើយក៏បានហាមឃាត់មិនឲ្យខាងលោកជិនឌឿនធ្វើរបងនោះឡើយ។
លោក ជិន ឌឿន ជាម្ចាស់ដីបានឲ្យដឹងថា លោកធ្វើរបងនេះមិនបានទៅរំលោភយកដីបងប្អូនប្រជាពលរដ្ឋទាំង៥គ្រួសារនោះទេគឺលោកធ្វើតាមការវាស់វែងរបស់ភូមិ-ឃុំ-ស្រុក និងតាមប្លង់រឹងដែលបានចុះអនុវត្តដូចបានរៀបរាប់ខាងលើហើយលោកក៏បានសម្បទានដីចំនួន ២.២ម៉ែត្រ ឲ្យទៅប្រជាពលរដ្ឋទាំង៥ គ្រួសារនោះដើម្បីធ្វើជាផ្លូវចូលផ្ទះ ហើយលោកធ្វើរបងនៅក្នុងដីភូមិផងដែលខាងភូមិបាលស្រុកស្វាយទាបនិង ខេត្តបានចុះវាស់វែងនិងធ្វើប្លង់រឹងកម្មសិទ្ធិរួចហើយផងដែរ។
ដោយឡែកបើតាមការអៈអាងពីក្រុមប្រជាពលរដ្ឋទាំង៥គ្រួសារនោះបានឱ្យដឹងថាពួកគាត់បានមករស់នៅទីនេះយូរហើយតាំងពីសម័យដើមពីព្រោះជាភូមិដីកេរ្ត៍ដោយមានផ្លូវភ្លឺតាន់ចូលក្នុងហើយនៅពេលដែលខាងមន្ត្រីជំនាញចុះមកធ្វើប្លង់ដីនោះពួកគាត់ពិតជាបានស្នើសុំបើកផ្លូវទំហំ៣ម៉ែត្រ មែន ដោយគិតរួមទាំងផ្លូវចាស់ដែលមានស្រាប់។
ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ ការសាងសង់របងត្រូវបានផ្អាកជាបណ្តោះអាសន្នហើយគេនៅពុំទាន់ឃើញមន្ត្រីជំនាញពីខាងសាលាខេត្តស្វាយរៀងលើកទ័ពចុះទៅទីតាំងសមរភូមិដ៏ក្តៅគគុកនោះឡើយក្រៅតែពីខាងសាលា ស្រុកស្វាយទាបបានកោះហៅភាគីទាំងសងខាងយកទៅធ្វើការសម្របសម្រួលដោយពុំទទួលផលជាផ្លែផ្កានោះឡើយ៕ ដោយ ៖ វ៉ៃគោ