នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុមទូរគមនាគមន៍ Huawei ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួន ហើយកំពុងប្រឈមនឹងការបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាមេរិច។ ជុំវិញបញ្ហានេះដែរ ទីក្រុងប៉េកាំង បានធ្វើការតវ៉ាទៅនឹងការចាប់ខ្លួនពលរដ្ឋរបស់ខ្លួន និងជំរុញឲ្យមានការដោះលែងអ្នកស្រី Meng Wanshou។
ស្ថានទូតចិនក្នុងប្រទេសកាណាដាបានចេញសេចក្តីថ្លែងការណ៍ថា “ដោយមានសំណើររបស់អាមេរិច ប្រទេសកាណាដាបានធ្វើការចាប់ខ្លួនពលរដ្ឋចិន ដែលមិនបានប្រព្រឹត្តខុសច្បាប់អាមេរិច ឬច្បាប់កាណាដាឡើយ”។
“ភាគីខាងចិនប្រឆាំងដាច់ខាតចំពោះសកម្មភាពបែបនោះរបស់កាណាដា ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់ជនរងគ្រោះ”។
សូមបញ្ជាក់ថា អ្នកស្រី Meng Wanshou ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួនកាលពីថ្ងៃទី ១ ខែធ្នូនេះក្នុងទីក្រុង Vancouver។ ការឃុំខ្លួនរបស់អ្នកស្រីបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរអាមេរិច បានធ្វើការស៊ើបអង្កេតពីការសង្ស័យនៃការល្មើសទៅនឹងទណ្ឌកម្មប្រឆាំងប្រទេសអ៊ឺរ៉ង ប្រព្រឹត្តដោយក្រុមហ៊ុន Huawei៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia