ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងថា ការអនុវត្តនូវគោលនយោបាយ ការបង្រួបបង្រួមជាតិ ដែលធ្វើឲ្យសាសនិកនៃសាសនានីមួយៗ នៅកម្ពុជា កាន់តែខិតចូលជិតគ្នា រវាងគម្លាតទាំងឡាយ ដែលមាននៅក្នុងផ្ទៃ ក្នុងនៃការប្រតិបត្តិ តាមឱវាទជំនឿសាសនានីមួយៗ និងកាន់តែបានផ្សារភ្ជាប់គ្នា ជាមួយការគោរពដើរតាមមាគ៌ា នៃគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញបើកសិក្ខាសាលា ស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនា លើកទី៧ ឆ្នាំ២០១៨ ក្រោមប្រធានបទ សាសនិក គ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ។
សម្ដេចនាយករដ្ឋមន្ត្រីស្ដីទី បានមានប្រសាសន៍ថា “ឥឡូវនៅប្រទេសខ្លះដូចជា នៅកាណាដា នៅសហរដ្ឋអាមេរិក តាមរដ្ឋខ្លះហើយនៅអូស្រា្តលី ក៏ប្រហែលជាជិតដែរ ឬក៏សម្រេចហើយមិនដឹងទេ ប៉ុន្តែក៏ជជែកគ្នាដែរដើម្បីឲ្យជក់កញ្ឆា ឲ្យជក់បាន ដាំបាន លក់បាននៅតាមទីផ្សារ ព្រោះច្បាប់អនុញ្ញាតហើយ” ។
សិក្ខាសាលានេះធ្វើឡើងក្រោម ប្រធានបទពីរសំខាន់ៗគឺ: “សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍” ដើម្បីយកមកជជែកពិភាក្សា ផ្លាស់ប្តូរគំនិតយោបល់ និងចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាឲ្យ សហគមន៍សាសនានីមួយៗ ជៀសផុតពីបញ្ហាគ្រឿងញៀន និងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នានា ក្នុងសង្គមកម្ពុជាឈានឆ្ពោះ ទៅរកការអភិវឌ្ឍន៍ និងការរីកចម្រើនជឿនលឿន សម្រាប់សង្គមជាតិខ្មែរទាំងមូល ។
សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការកោតសរសើរ ចំពោះក្រសួងធម្មការ និងសាសនា ដែលបានរៀបចំអង្គសិក្ខាសាលានេះឡើង ដែលជាការផ្ដល់កិត្តិយស និងកិត្យានុភាពនៃ សុខដុមនីយកម្មសាសនានៅកម្ពុជា ដូចជាការបង្ហាញពីការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសេរីភាពនៃជំនឿសាសនា របស់ប្រជាពលរដ្ឋលើឆាកជាតិ និងអន្ដរជាតិ។
សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យមានការ អនុវត្តនូវគោលនយោបាយ បង្រួបបង្រួមជាតិក្នុងគោលបំណង ធ្វើឲ្យគម្លាតទាំង ឡាយដែលមាននៅក្នុងផ្ទៃក្នុងនៃការប្រតិបត្តិ តាមឱវាទជំនឿសាសនានីមួយៗ កាន់តែខិតចូលជិតគ្នា និងកាន់តែផ្សាភ្ជាប់គ្នា ជាមួយការគោរពដើរតាមមាគ៌ា នៃគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
សម្ដេចក្រឡាហោម ស ខេង សង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលានឹងផ្ដល់ ឱកាសសម្រាប់សមាជិក សមាជិកា នៃអង្គពិធីទាំងមូលបានពិភាក្សា ផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ជាប្រយោជន៍ដើម្បីប្រមូលផ្ដុំនូវគំនិត បញ្ញាញាណ និងវិធានការដ៏ហ្មត់ចត់ និងសមស្របតាមការវិវត្ដន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទូយសុខដុមនីយកម្ម ក្នុងវិស័យសាសនានៅកម្ពុជា ។
លោក ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា សិក្ខាសាលានេះត្រូវបានធ្វើឡើង ដើម្បីជជែកពិភាក្សាគ្នា ផ្លាស់ប្ដូរគំនិតយោបល់ និងចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីធ្វើយ៉ាងណាឲ្យ សហគមន៍សាសនានីមួយៗ ចៀសផុតពីគ្រឿងញៀន និងការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នានាក្នុងសង្គមកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ និងការរីកចម្រើនជឿនលឿន សម្រាប់សង្គមជាតិខ្មែរទាំងមូល ៕ ដោយ ៖ កូឡាប