ម្នាក់ក្នុងចំណោមអ្នក Youtuber វ័យចាស់បំផុតនៅលើពិភពលោក ដូនចាស់ «ចុងភៅ» ជនជាតិឥណ្ឌា អាយុ ១០៧ ឆ្នាំ បានស្លាប់ហើយ ។
ដូនចាស់អត់ឆ្មេញ Karre Mastanamma មកពីរដ្ឋ Andhra Pradesh ភាគខាងត្បូងនៃប្រទេសឥណ្ឌា បានទទួលកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៅលើអ៊ីនធឺណិត សម្រាប់វីដេអូចម្អិនអាហារផ្សេងៗរបស់គាត់ កាលពី២ឆ្នាំមុន ។ ឆាណែលយូធូបរបស់លោកយាយដែលមានឈ្មោះថា Country Foods ត្រូវបានគ្រប់គ្រងដោយចៅរបស់គាត់ និងមិត្តភក្តិរបស់គេ បានទាក់ទាញអ្នកចូល subscriber ជាង ១.២ លាននាក់ ចាប់តាំងពីវាចាប់ផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ។
លោកយាយ Mastanamma ដែលតែងអង្គុយនៅទីវាល នៅក្នុងភូមិដាច់ស្រយាល មានភាពល្បីល្បាញយ៉ាងខ្លាំង សម្រាប់ការបង្ហាញធ្វើម្ហូបអាហារបែបបុរាណៗរបស់គាត់ ដូចជាដុតមាន់ក្នុងឪឡឹក បានទទួលការចូលទស្សនាជាង ១១ លានដង នៅលើ Youtube ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ Mastanamma បានធ្លាក់ខ្លួនឈឺជាទម្ងន់ ក្នុងរយៈពេល ៦ ខែ ចុងក្រោយនេះ ខណៈពេលដែលឆាណែលយូធូបរបស់គាត់ ក៏បានផ្អាកផុសវីដេអូមួយរយៈពេល ។ ហើយឆាណែលនេះក៏បានចេញសេចក្តីប្រកាសពីការស្លាប់របស់លោកយាយផងដែរ កាលពីថ្ងៃចន្ទ ៕ ដោយ៖ ឧត្តម (ប្រភព៖ xinhuanet, Dailymail)