ខេត្តកោះកុង ៖ ប្រជាពលរដ្ឋប្រមាណ២០០នាក់ មកពីស្រុកចំនួន៤ ក្នុងខេត្តកោះកុងបានស្នើដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ច ជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីរាំរៃ ជាមួយក្រុមហ៊ុនញូញៀនឌីវេលុបមែនក្រុមហ៊ុនស្ករអំពៅ ដោយមានអ្នកខ្លះបានទទួលដំណោះស្រាយ និង អ្នកខ្លះនៅពុំទាន់បានទទួលដំណោះស្រាយនៅឡើយ។
ការអំពាវនាវនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលប្រជាពលរដ្ឋមកពី៤ស្រុក ស្រុកកោះកុង ស្រុកបុទុមសាគរ ស្រុកគិរីសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង នាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នៅទីលានបាល់ទាត់ មុខសាលាដំបូងខេត្តកោះកុង ដើម្បីប្រើសិទ្ធិទាមទារដោះស្រាយរឿងរ៉ាវដីធ្លី។
តំណាងប្រជាពលរដ្ឋ បាននិយាយថា ការប្រារពទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ ដែលនិពលរដ្ឋទូទាំងប្រទេស ក៏ដូចជា ពលរដ្ឋទូទាំងសកលលោក បាននាំគ្នាប្រារព្ធឡើងនៅថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ ហើយថ្ងៃនេះ ហើយដែលប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់ ដោយមិនប្រកាន់ភេទ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយ គឺសិទ្ធិទទួលបាននូវភាព យុត្តិធម៌។
ពលរដ្ឋ សូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរដែលបានដោះស្រាយ នូវទំនាស់រ៉ាំរ៉ៃទាំងនេះ បានមួយចំនួនហើយតែពួកគាត់ ក៏នៅតែទទូចសំណូមពរឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាខាងអាជ្ញាធរខេត្ត ដែលមានលោកស្រី មិថុនា ភូថង ជាអ្នកដឹកនាំ មេត្តាជួយពន្លឿនការដោះស្រាយរឿងរ៉ាវដីធ្លីទាំងនេះ ដើម្បីឲ្យពួកគាត់ទទួលបាននូវភាពយុត្តិធម៌ពេញលេញផង ពិសេសគឺទទួលបាននូវប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ហើយពួកគាត់ក៏បានសំណូមឲ្យខាងអាជ្ញាធរ ជួយជួសជុលផ្លូវក្រាលគ្រួសក្រហម ក៏ដូចស្ពានចាប់ពីចំណុចផ្លូវជាតិលេខ៤៨ ទៅទល់ចំណុចវត្តកងឆា ដែលមានចម្ងាយប្រហែល៥០គីឡូម៉ែត្រ និងស្ពានចំនួន៣ ព្រោះថាក្រោយការទទួលដំណោះស្រាយជាមួយ ក្រុម ហ៊ុន លោកឧកញ៉ា លី យ៉ុងផាត់ រួចមក ផ្លូវមួយខ្សែដែលមានទីតាំងខាងលើនេះ បានរងការខួចខាតស្ទើរទាំងស្រុង ដែលជាហេតុ បណ្តាលឲ្យពួកគាត់ពិបាក ក្នុងការធ្វើដំណើរទៅវិញទៅមក នៅរដូវវស្សា ។
លោក សុខ សុធី អភិបាលរងខេត្តកោះកុង បានថ្លែងប្រាប់បងប្អូនពលរដ្ឋទាំងអស់ថា ចំពោះការសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា បើសិនជាខាងអាជ្ញាធរ អាចដោះស្រាយបាន លោកនឹងធ្វើការដោះស្រាយជូន តែបើសិនជាខាងអាជ្ញាធរខេត្ត មិនអាចដោះស្រាយបានទេ អាជ្ញាធរ នឹងធ្វើជាយន្តការពាំនាំ នូវអ្វីដែលជាការសំណូមពរ របស់បងប្អូន ជូនទៅដល់គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ៕ ដោយ ៖ រចនា