ខេត្តស្វាយរៀង ៖ ដីនិងសំណង់អាគារនានាកំពង់មានតម្លៃហក់ឡើងខ្ពស់នៅក្រុងបាវិត ជាពិសេសទីប្រជុំជនសង្កាត់បាវិត ដោយមានជនបរទេសមកស្នាក់នៅច្រើន ជាពិសេសគឺជនជាតិចិនបានមកទិញដីសាងសង់អាគារខ្ពស់ៗជាផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ក្លិបកំសាន្ត ផ្សារទំនើប តូបលក់ដូរ។ល។
ដោយលើកស្លាកយីហោជាអក្សរចិនព្រោងព្រាតតាមដងផ្លូវតូចធំគួរឲ្យភ្ញាក់ផ្អើលដល់មហាជនភ្ញៀវទេសចរណ៍ជាតិនិតអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ១ ដល់ច្រកទ្វាព្រំដែនអន្តរជាតិបាវិតសង្កាត់បាវិតក្រុងបាវិត ។
ហើយអ្វីដែលមហាជនចាប់អារម្មណ៍និងមានការភ្ញាក់ផ្អើលនោះគឺ៖ ស្លាកយីហោ លើកប៉ាន់ណូកាត់ផ្លូវ ជាអក្សរខ្មែរថា ទីក្រុងហេងហេង និងមានជាអក្សរចិនធំៗ គម្រោងអភិវឌ្ឍន៍ក្រុងបាវិតថ្មី និងស្លាកយីហោបច្ចេកវិទ្យាពីហ្វួជៀនប្រទេសចិន ។
អ្វីដែលកាន់តែពិសេសទៀតនោះផ្សារចិនគឺលក់ដូរយកលុយចិន រីឯសមត្ថកិច្ចម្នាក់សើចបែបចំអកថា និយាយអីផ្សារចិនចាយលុយចិនតាមពិតក្រុងបាវិត គឺគេចាយលុយដុងវៀតណាម ចាយលុយដុល្លារ រីឯលុយខ្មែរគេចាយតិចតួចទេដោយទំនិញភាគច្រើននាំចូលមកពីប្រទេសវៀតណាម ហើយវៀតណាមចូលមកលេងកាស៊ីណូច្រើនគេចាយលុយដុង ហើយផ្សារចិនគឺគេចាយលុយចិនហើយពីព្រោះផ្សារចិនគឺមានតែជនជាតិចិនទេចូលទិញទំនិញរបស់របរបន្លែត្រីសាច់ផ្លែឈើនិងអាហារដ្ឋាន។ល។
ទាក់ទិនករណីចិនលើកស្លាកយីហោអក្សរចិនព្រោងព្រាតនេះដែល លោក សេង សិលា អភិបាលនៃអភិបាលក្រុងបាវិត បានប្រាប់ក្រុមអ្នកសារព័ត៍មានឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទីព្រឹកថា នេះគឺជាការអភិវឌ្ឍនៃក្រុងបាវិត ផ្នែករដ្ឋបាលក្រុងបានធ្វើការអភិវឌ្ឍន៍ជាជំហ៊ានៗតាមរយៈប្រាក់កម្ចីADBពង្រីកផ្លូវប្រវែង១,៥០០ម៉ែត្រ ចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៥៩ ដល់បង្គោលលេខ១៦៥ ដាក់ប្រពន្ធ័លូតាមបណ្តោយផ្លូវនិងដាក់បង្គោលភ្លើងកណ្តាលទ្រូងផ្លូវលម្អក្រុង។
លោក សេង សិលា បានបន្តទៀតថា ចំពោះស្លាកយីហោលើថាគម្រោងអភិវឌ្ឍន៍ទីក្រុងបាវិតថ្មី គឺជាគម្រោងទីក្រុងរណបរបស់ក្រុមហ៊ុនឯកជនវិនិយោគអចលនៈទ្រព្យ រីឯទីក្រុងហេងហេង គឺជាគម្រោងរបស់លោកឧកញ៉ា លឹមហួ វិនិយោគលើផ្ទៃដីប្រមាណជិត១០ហិកតា សាងសង់អាគារ សណ្ឋាគារ កាស៊ីណូ ផ្សារទំនើប ហើយភាគច្រើនសាងសង់ជួលឲ្យចិន (វិនិយោគឲ្យក្រុមហ៊ុនចិន) បើគ្មានចិនចូលមកវិនិយោគឬជួលនិងទិញទេក៏មិនអាចដំណើរការបានដែរ។
ដីនិងអចលនៈទ្រព្យមានតម្លៃហក់ឡើងខ្ពស់គឺដោយសារមានចិនមកប្រមូលទិញហើយចិនទិញតែក្នុងទីប្រជុំជនក្នុងសង្កាត់បាវិតជាពិសេសជិតកាស៊ីណូក្បែរព្រំដែន នៅបរវេនកាស៊ីណូម៉ុកប៉ាយតម្លៃចាប់ពី១លានដុល្លារទៅ៣លានដុល្លារក្នុងមួយហិកតា ដីជាប់កាស៊ីណូឡឺម៉ាកាវ៤លានដុល្លារក្នុងមួយហិកតា ជាពិសេសដីហក់ឡើងខ្ពស់មានតម្លៃពេលចិនទិញ។
បើដីប៉ែកខាងក្រោយដីមិនទាន់ចាក់ដី ក្នុង១ម៉ែត្រការ៉េ១០ដុល្លារ ទៅ២០ដុល្លារ ដីក្រវ៉ាត់ក្រុងតាមដងផ្លូវវាងផ្លូវកុងតឺន័រ១ម៉ែត្រការ៉េ៣០ដុល្លារ ដីជាប់ផ្លូវតាមបណ្តោយផ្លូវជាតិលេខ១ ក្នុង១ម៉ែត្រការ៉េ៨០ដុល្លារដីជាប់ថ្នល់ជាតិលេខ១ក្នុងសង្កាត់បាទីសង្កាត់ច្រកម្ទេស១ម៉ែត្រការ៉េ២០ដុល្លារ។ហើយតម្លៃដីទើបតែពុះកញ្ជ្រោលឡើងថ្លៃខ្ពស់ក្រោយពីបោះឆ្នោតអាណត្តិទី៦នេះដោយមានជនជាតិចិនចូលមកវិនិយោគនិងស្នាក់នៅរកស៊ីលក់ដូរនិងធ្វើការងារច្រើន។
លោក សេង សិលា បានបញ្ជាក់ទៀតថា ជនជាតិចិនចូលមករស់នៅស្រុកខ្មែរច្រើនដោយរដ្ឋាភិបាលចិនបើកចំហរឲ្យប្រជាជនចិនមករកស៊ី ពេលប្រជាជនចិនចង់មកស្រុកខ្មែររដ្ឋាភិបាលចិនសួរថា មករកស៊ីអី ហើយបើរកស៊ីខាតរដ្ឋាភិបាលចិនចេញថ្លៃខាតឲ្យ គឺរដ្ឋាភិបាលចិនមានប្រាក់កម្ចីអនុគ្រោះឲ្យខ្ចីលើកទី១ បើបរាជ័យមិនយកសំណងនិងអាចឲ្យប្រាក់កម្ចីជាលើកទី២តាមមុខរបរ។
ហើយពាក់ពន្ធ័ការជំរឿនជនបរទេសឬជនជាតិចិនមានប៉ុន្មាននាក់កំពុងស្នាក់នៅក្នុងក្រុងបាវិត លោក សេង សិលា បានមានប្រសាសន៍ថា ពិបាកគ្រប់គ្រងណាស់ជនបរទេស បើជនជាតិវៀតណាមភាគច្រើនគេចូលមកលេងក្នុងកាស៊ីណូ មកព្រឹកល្ងាចត្រឡប់ទៅវិញ រីឯជនជាតិចិនមានទាំងភ្ញៀវទេសចរណ៍ស្នាក់នៅតាមកាស៊ីណូ មាននៅធ្វើការតាមរោងចករសហគ្រាសនិងស្នាក់នៅប្រកបមុខរបរលក់ដូរដូច្នេះពិបាកក្នុងការធ្វើរដ្ឋបាលបើតាមរបាយការណ៍របស់ប៉ូលីសមានជនជាតិស្នាក់នៅប្រមាណជាជិត២ម៉ឺននាក់។
ហើយបច្ចុប្បន្ននេះអាជ្ញាធរក្រុងបាវិតមានគម្រោងធ្វើរដ្ឋបាលជំរឿនជនបររទេសមកស្នាក់នៅក្នុងក្រុងបាវិតក្នុង១សប្តាហ៌ម្តងឬ២សប្តាហ៍ម្តងបើរកឃើញថាស្នាក់នៅប្រកបមុខរបរធ្វើការងារគ្មានបណ្ណ័ឬសៀវភៅការងារគឺធ្វើការផាកពិន័យតាមច្បាប់ការងារ៕ ដោយ ៖ វ៉ៃគោ