ស្ត្រីវៀតណាមម្នាក់ ថ្មីៗនេះ បានកុម្ម៉ង់ទិញអាវពណ៌លឿងដ៏ស្រស់ស្អាត១ឈុត ប៉ុន្តែ នាងប្រែជាមានការខកចិត្តជាខ្លាំង និយាយលែងចេញតែម្តង ព្រោះថា នៅពេលសាកលពាក់វា ស្រាប់តែមើលទៅខុសគ្នាដាច់ស្រឡះតែម្តង ជាមួយនឹងគំរូដែលតារាម៉ូដែលបានបង្ហាញនៅលើវេបសាយ ។
នារីខកចិត្តរូបនេះបានចែករំលែកឲ្យដឹងថា នាងបានអន្ទះអន្ទែងរង់ចាំកញ្ចប់សម្លៀកបំពាក់ជាខ្លាំង ។ ប៉ុន្តែ ផ្ទុយទៅវិញ វាបានត្រឹមជាអាវយឺតឈុតជាប់ពណ៌លឿងធម្មតាប៉ុណ្ណោះ ហើយពេលពាក់ទៅ ផ្នែកខ្លះរបស់វា ពុំឃើញលេចចេញរាងឲ្យសមសូម្បីបន្តិចសោះ ។
នៅពេលដឹងថា វាដូចជាថ្លុកកំប្លែងបែបនេះ នាងបានថតរូបភាពមួយចំនួន និងចែករំលែកនៅលើបណ្តាញសង្គម ។ ដូចការរំពឹងមែន អ្នកលេងអ៊ីនធឺណិតជាច្រើន ផ្ទុះសំណើចឡើងហូរទឹកភ្នែក និងសូម្បី ប្រដូចនាងទៅស្តេចគុនកុងហ្វ៊ូ លី សៀវឡុង ក្នុងរឿង «Game of Death» ទៀតផង ៕ ដោយ៖ ចន្ទី (ប្រភព៖ worldofbuzz)