ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់សាលាក្រុងសៀមរាប ដឹកនាំដោយលោកនួន ពុទ្ធារ៉ា អភិបាលក្រុង នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះទៅរុះរើផ្ទះចំនួនពីរខ្នងតូចៗដែលសង់លើចំណីផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប។ ប៉ុន្តែការអនុវត្តនេះត្រូវម្ចាស់ផ្ទះអះអាងថា អាជ្ញាធរក្រុងធ្វើទាំងកំរោល ព្រោះតែទទួលប្រយោជន៍ពីភាគីជម្លោះដែលជាម្ចាស់ផ្ទះនៅខាងក្រោយ។
ក្នុងពេលកំពុងអនុវត្តរុះរើ លោកអ៊ុំ ប៊ុនធឿន ដែលជាមេធាវីការពារក្តីឲ្យលោកវ៉េងហ៊ាង បានប្រាប់ថា អាជ្ញាធរក្រុងធ្វើនេះ គឺខុសអំពីនិតិវិធីយ៉ាងពិតប្រាកដ។ ធ្វើនេះកំពុងបង្ហាញឲ្យឃើញ ពីការឃុបឃិតដើម្បីប្រយោជន៍តែប៉ុណ្ណោះ។ លោកបន្តថា លោកនឹងប្តឹងទៅតុលាការ ហើយប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេតរឿងអនុវត្តទាំងកំរោលនេះ។ លោកបន្តថា ដីនេះមិនមែនចំណីផ្លូវទេ ពីព្រោះតូបនេះត្រូវបានសាងសង់ឡើងតាំងពីមិនទាន់មានផ្លូវដ៏ធំមួយនេះមកម្លេះ ហើយដល់ពេលធ្វើផ្លូវ ម្ចាស់ដី បានកាត់ដីមួយផ្នែកដើម្បីធ្វើផ្លូវប៉ុន្តែឥឡូវបែរជាអាជ្ញាធរក្រុងថាសាងសង់លើចំណីផ្លូវទៅវិញ។ លោកបន្តថា ដីនេះមានប្លង់កម្នសិទ្ធិត្រឹមត្រូវ។
លោកវ៉េង ហ៊ាង ម្ចាស់ផ្ទះដែលត្រូវរុះរើ បាននិយាយថា ដីរបស់គាត់បានទិញពីភាគីជម្លោះឈ្មោះអ៊ុន ប៊ុនធី ភេទប្រុស ជិត២០ឆ្នាំមក ហើយ ចាប់តាំងពីអាជ្ញាធរមិនទាន់ធ្វើផ្លូវក្រវ៉ាត់ក្រុង ពោលគឺតាំងពីតំបន់នោះមិនទាន់មានមនុស្សទៅរស់នៅមកម្លេះ។ លុះពេល ធ្វើផ្លូវ ដីនេះត្រូវបានឈូសដាច់មួយចំហៀង ចំណែកមួយចំហៀងដែលនៅសល់ រូបលោកបានសង់ផ្ទះពីរខ្នងសម្រាប់ប្រកបមុខរបរ។
លោកវ៉េង ហ៊ាង បន្តថាដោយសារផ្ទះរបស់លោក បាំងពីមុខផ្ទះឈ្មោះអ៊ុន ប៊ុនធី នៅឆ្នាំ២០១៤ ឈ្មោះប៊ុនធី បានប្តឹងទៅតុលាការសុំឲ្យរុះរើផ្ទះ ដោយចោទថាសង់លើចំណីផ្លូវ។
ការក្តីក្តាំគ្នានៅតុលាការជាច្រើនឆ្នាំហើយលទ្ធផលមិនបានរុះរើ ភាគីជម្លោះបានសុំសងជាសំណងមកខាងលោក (វ៉េងហ៊ាង)១៥០០០ដុល្លារតែខាងលោកមិនទទួល ដោយបញ្ជាក់ថា បើគិតថាជាចំណីផ្លូវ ទី១បើរដ្ឋត្រូវការនិងរុះរើដោយស្មគ្រ័ចិត្ត ទី២បើប៉ះចំណីផ្លូវ ត្រូវ អនុវត្តគ្រប់ផ្ទះដែលប៉ះដូចគ្នាមិនមែនរុះតែផ្ទះលោកនោះទេ។ ប៉ុន្តែនៅថ្ងៃកើតហេតុនេះអាជ្ញាធរជូនដំណឹងពីល្ងាច ព្រឹកឡើងក៏ដាក់កម្លាំងមករុះរើទាំងកំរោល នេះបញ្ជាក់ឲ្យឃើញថា ការអនុវត្តនេះ គឺដោយសារតែបានប្រយោជន៏ ពីភាគីជម្លោះយ៉ាងជាក់ស្តែង។ ក្នុងសកម្មភាពនេះក្រុមគ្រួសារម្ចាស់ផ្ទះ បានដង្ហោយសុំអាជ្ញាធរខេត្ត ពិសេសសម្តេចតេជោហ៊ុន សែន មេត្តាជួយផ្តល់យុត្តិធម៏ដល់ពួកគាត់។
លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដែលចុះទៅអនុវត្តផ្ទាល់ បានបរិយាយចំពោះមុខមហាជនថា រឿងនេះលោកអនុវត្តតាម សេចក្តីណែនាំរបស់សាលាខេត្តនិងសាលាក្រុង។ លោកបានបន្តថា ការុំរើនេះនិងបន្តធ្វើរហូតចំពោះផ្ទះឬសំណង់ ដែលសង់លើចំណីផ្លូវ៕ ដោយ ៖ បញ្ញាស័ក្តិ