កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានហាមឃាត់ការធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន ក្នុងតំបន់ច្រាំងទន្លេនៅក្នុងក្រុងកំពង់ចាមដែលកំពុងរងការគំរាមកំហែង បាក់ច្រាំងធ្លាក់ចូលទៅក្នុងទន្លេ ខណៈអាជ្ញាធរកំពុងសិក្សាលើបញ្ហាដែលកំពុងបាក់ស្រុតនោះ។
ជាមួយករណីនេះ រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធ ចុះពិនិត្យមើល និងសិក្សាបញ្ហាបាក់ស្រុតសួរច្បារ រូបសំណាក់ដំរី នៅតាមមាត់ទន្លេ ដែលកំពុងការខូចខាត នូវសំណង់សួរច្បារ និងរូបសំណាកដំរី ដើម្បីសំណើរទៅក្រសួង ធ្វើការកសាងជួសជុលឡើងវិញ។
ច្រាំងទន្លេមេគង្គក្នុងខេត្តកំពង់ចាមប្រវែង ៧៩ ម៉ែត្របានបាក់ស្រុតមុខកាត់ ៣ ទៅ ៤ ម៉ែត្រនៅចំណុចខាងជើងស្ពានទន្លេបិទនៅពីមុខសណ្ឋាគារចំនួន ៣ គឺសណ្ឋាគារមនោរម្យ សណ្ឋាគារអិលស៊ីអិន និងសណ្ឋាគារមេគង្គ។ ប៉ុន្តែកន្លែងដែលបាក់ខ្លាំងនៅចន្លោះពីសណ្ឋាគារមនោរម្យទៅសណ្ឋាគារ អិលស៊ីអិន។ អាជ្ញាធរបាន ឃាំងហ៊ុមព័ទ្ធកន្លែងនោះ កុំឲ្យពលរដ្ឋ និងទេសចរឆ្លងកាត់។ បន្ទាប់មកអ្នកជំនាញទៅសិក្សាកន្លែងនោះ ដើម្បីរកមូលហេតុជាក់ស្ដែងថាតើវាអាចនឹងបាក់បន្តទៀតទេ ក្នុងករណីវាមិនបាក់តទៅទៀតទេ អាជ្ញាធរខេត្តនឹងស្នើសុំទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹក និងខាងគ្រោះមហន្តរាយដើម្បីរកថវិកាមកជួសជុលនៅពេលទឹកស្រក។
មន្ត្រីជំនាញ បានបញ្ជាក់ថា ការបាក់ច្រាំងនេះ មិនមែនកើតឡើងដោយករណីបូមខ្សាច់ទេ ព្រោះមិនមានការបូមខ្សាច់នៅក្នុងតំបន់ដែលបាក់នោះទេ។ ប៉ុន្តែលោកថាអ្នកជំនាញធ្លាប់រកឃើញមូលហេតុថា ការបាក់ច្រាំងនៅក្នុងក្រុងកំពង់ចាម គឺដោយសារតែចរន្តទឹកបុកទៅលើកោះឈ្មោះថា កោះដាច់។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា ការបាក់ច្រាំងទន្លេជាថ្មីនេះ បានកើតមានឡើង បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គ ចាប់ផ្ដើមស្រកផុតច្រាំង ដោយការបាក់ស្រុតច្រាំងទន្លេដែលបានកសាងឡើងក្នុងអំឡុងឆ្នាំ២០១៣នេះ គឺស្ថិតនៅក្នុងភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានចំនួន២កន្លែង បណ្ដាលឲ្យខូចខាតខឿនច្រាំងទន្លេសម្រាប់ការពារទឹកជំនន់ និងសួនច្បារ ក្នុងនោះបានបាក់ស្រុតរហូតដល់រូបចម្លាក់សត្វដំរី និងសត្វតោសម្រាប់លម្អ ។ បើយោងតាមការសិក្សាស្រាវ ជ្រាវជាបឋម របស់មន្ត្រីជំនាញ នៃក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញថា ការបាក់ស្រុតច្រាំងទន្លេខាងលើជាថ្មីនេះ គឺបណ្ដាលមកពីការប្រែប្រួល នៃចរន្តទឹកទន្លេមេគង្គនារដូវវស្សាកន្លងមក។ បើយោងតាមការពិនិត្យជាក់ស្ដែងស្ថានភាពនេះទំនងជាមិនអាចជួសជុលលើសំណង់លើកទី១បាននោះទេ។ លុះត្រាតែសាងសង់ថ្មីឡើងវិញ។ ហើយនេះក៏ជាគម្រោងធំរបស់ថ្នាក់ជាតិ ដែលត្រូវរកលទ្ធភាពសាងសង់ឡើងវិញនារដូវទឹកស្រកខាងមុខនេះ៕ ដោយ ៖ រចនា