ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា ភ្នាក់ងារសន្ដិសុខឯកជនមួយចំនួន ហាក់មិនបានសហការ ជាមួយកម្លាំងនគរបាល ដែលជាទង្វើខុសច្បាប់ ត្រូវតែកែប្រែជាបន្ទាន់ ដូច្នេះនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ត្រូវតែត្រួតពិនិត្យភ្លាម ចៀសវាងបង្កបញ្ហានៅថ្ងៃខាងមុខ ព្រោះថាពេលខ្លះភ្នាក់ងារសន្ដិសុខមួយចំនួនតូច ជាអ្នកឲ្យដៃដល់ក្រុមជនល្មើស។
ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការងារគ្រប់គ្រងសន្ដិសុខឯកជន ដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ លោក នាយឧត្ដមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ការប្រើប្រាស់សេវាសន្ដិសុខឯកជន គឺជារឿងចាំបាច់ណាស់។ ជានគរបាលដែលមានភារកិច្ចលើកិច្ចការគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការជូនអភិបាលរាជធានី ខេត្ត ក្នុងការគ្រប់គ្រង និងជាសេនាធិការ ឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការតាមដាននូវរាល់សកម្មភាពទាំងឡាយណា ដែលផ្ទុយនឹងគោលការណ៍ច្បាប់ ផ្ទុយនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋា ភិបាល របស់ក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន គឺជាកម្លាំងជំនួយ់ ដ៏សំខាន់ដែលកម្លាំងនគរបាល ត្រូវ តែឲ្យតម្លៃ ប៉ុន្ដែភ្នាក់ងារសន្ដិសុខឯកជន មិនជាកម្លាំងមានសមត្ថកិច្ចនោះទេ ហើយត្រូវរាយការណ៍រាល់បទល្មើស ដែលកើតក្នុងមូលដ្ឋានជូនសមត្ថកិច្ច តែមិនអនុញ្ញាតឲ្យប្រើប្រាស់អាវុធដូចសមត្ថកិច្ចឡើយ។ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ត្រូវគ្រប់គ្រងឲ្យបានច្បាស់លាស់ ពិសេសនៅតាមបណ្ដាខេត្ត ត្រូវបែងចែកឲ្យការងារគ្រប់គ្រងដល់ស្នងការដ្ឋាននគរបាលខេត្ត ពិសេសលើការសុំច្បាប់អនុញ្ញាតក្នុងការបើកអាជីវកម្ម ។
លោក ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា បច្ចុប្បន្ននៅតាមបណ្ដាខេត្ត មានក្រុមហ៊ុនសន្ដិសុខជាង១.០០០ទីតាំង ដែលមិនទាន់មាន ច្បាប់អនុញ្ញាតនៅឡើយ។ ភ្នាក់ងារសន្ដិសុខឯកជនមួយចំនួន ហាក់មិនបានសហការ ជាមួយកម្លាំងនគរបាល ដែលជាទង្វើខុស ច្បាប់ ត្រូវតែកែប្រែជាបន្ទាន់ ដូច្នេះនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ត្រូវតែត្រួតពិនិត្យភ្លាម ចៀសវាងបង្កបញ្ហានៅថ្ងៃខាងមុខ ព្រោះថាពេលខ្លះភ្នាក់ងារសន្ដិសុខមួយចំនួនតូច ជាអ្នកឲ្យដៃដល់ក្រុមជនល្មើស។
លោកនាយឧត្តមសេនីយ៍ បានលើកឡើងថា”អគ្គស្នងការនគរបាលជាតិ បានសម្រេចផ្អាកការចេញអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មជាបណ្តោះអាសន្នសិន ដើម្បីស្រាវជ្រាវរកក្រុមហ៊ុនណាដែលគ្មានច្បាប់អនុញ្ញាត”។
លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏បានឲ្យដឹងថា បច្ចុប្បន្នភ្នាក់ងារសន្ដិសុខឯកជនទូទាំងប្រទេស មានចំនួន ២៦.៥៦៥នាក់ (ស្រី២.៣៨១នាក់) ក្នុងនោះ ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សរុបចំនួន២៣៩ក្រុមហ៊ុន និងសហគ្រាស គ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន (មិនធ្វើសេវាសន្ដិសុខឯកជន) មានចំនួន ១.៨៦៧គ្រឹះស្ថាន និងមានក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន បានចុះកិច្ចសន្យាជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន១១១ក្រុមហ៊ុន បានប្រើ ប្រាស់កម្លាំងភ្នាក់ងារសន្ដិសុខឯកជន សរុប៧.៤៦៩នាក់ និងបានធ្វើសកម្មភាពសេវាកម្មលើ ៣.១៩៤គោលដៅ ៕ ដោយ ៖ បញ្ញាស័ក្តិ