រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Yong-ho បានថ្លែងប្រាប់រដ្ឋមន្ត្រីការបរទេសចិន ក្នុងជំនួបកាលពីថ្ងៃសុក្រម្សិលមិញថា ទីក្រុងព្យុងយ៉ាងនៅតែរក្សាការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយរបស់សារពត៌មានកូរ៉េខាងជើង Yonhap។
មន្ត្រីការទូតជាន់ខ្ពស់របស់របបកុម្មុនិស្តទាំង ២បានជួបគ្នាក្នុងទីក្រុងប៉េងកាំង តែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលមានកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ីជីនពីង។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ត្រូវបានគេដកស្រង់សម្តីថា ប្រទេសរបស់ខ្លួនកំពុងព្យាយាមបង្កើតបរិយាកាសសន្តិភាពផ្នែកខាងក្នុង ដើម្បីអនុវត្តនូវ សេចក្តីសម្រេចចិត្តរបស់បក្សកម្មករកូរ៉េខាងជើង។
គាត់បន្ថែមថា កូរ៉េខាងជើងនៅតែបន្តគោលនយោបាយរបស់ខ្លួនក្នុងការធ្វើឲ្យឧបទ្វីប គ្មានអាវុធនុយក្លេអ៊ែរ ព្រមទាំងសម្រេចបាននូវស្ថិរភាព។
រដ្ឋមន្ត្រីការបរទេសដដែលក៏បានសម្តែងក្តីសង្ឃឹម ពីការបន្តការទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងព្យុងយ៉ាងលើបញ្ហានោះ និងបានបញ្ជាក់ថាទំនាក់ទំនងទ្វេរភាគីនៃប្រទេសទាំងពីរ បានឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងឆ្នាំនេះ។ ក្នុងឆ្នាំ ២០១៩ ប្រទេសទាំងពីរ នឹងធ្វើការរំលឹករួមគ្នានូវខួប ៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតផ្លូវការនៃប្រទេសទាំងពីរ៕ សុភ័ក្ត្រ
ប្រភព៖ Yonhap