ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឯល វណ្ណថន ជាឪពុកបង្កើតរបស់លោក ឯល ស៊ឹមសុភ័ក្ដ្រ ដែលត្រូវនគរបាលពាក់ឯកសណ្ឋាននិងស៊ីវិល បានឲ្យរបួសធ្ងន់ បាននិយាយថា សំណុំរឿងកូនប្រុសលោកនេះ លោកបានប្រគល់ជូន លោកនាយឧត្តម សេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការកងអង្គរក្សសម្តេចតេជោ ជាអ្នកដោះស្រាយ ព្រោះជនរងគ្រោះ គឺជាមន្ត្រីកងអង្គរក្សសម្តេច ស្ថិតក្រោមការ គ្រប់គ្រងរបស់ លោកនាយឧត្តមសេនីយ៍ផ្ទាល់។
លោកឧត្តមសេនីយ៍ឯក ឯល វណ្ណថន បានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងនាមខ្ញុំ និងក្រុមគ្រួសារ នឹងធ្វើពាក្យបណ្តឹងទៅតុលាការ ដើម្បីរកយុត្តិ ក្នុងករណីឈ្មោះ មៀច សត្ថា និងឈ្មោះអ៊ឹម សារុំ ដែលបានបង្កឲ្យមានរឿងនេះកើតឡើង បណ្តាលឲ្យកូនរបស់ខ្ញុំរងរបួសជាទម្ងន់។ សរុបសេចក្តីមកមានន័យថា ចង់ស៊ីសាច់ឆ្កែ ចោទថាជាឆ្កែឆ្កូត រួចបាញ់ឲ្យងាប់”។
យោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ និងសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានអះអាងថា លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងលោក ជឹម ស៊ីថា អធិការខណ្ឌ កំពុងព្យាយាមសម្របសម្រួលបញ្ចប់រឿង ជាមួយក្រុមគ្រួសាររបស់យោធាឈ្មោះ ឯល ស៊ឹមសុភ័ក្រ ដែលរងគ្រោះដោយកូននគរបាលខណ្ឌដង្កោបាញ់ឲ្យរងរបួស និងបង្កើតរឿងថា តដៃសមត្ថកិច្ច។ លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា “ក្រោយពីមានរឿងហេតុកើតឡើង លោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌដង្កោ បានចុះសួរសុខទុក្ខកូនរបស់ខ្ញុំដល់មន្ទីរពេទ្យ និងសម្តែងការសោកស្តាយដោយមានការភាន់ច្រឡំ”។
លោកអនុសេនីយ៍ឯក ឯល ស៊ឹមសុភ័ក្រ ដែលមន្ត្រីយោធានៃអគ្គបញ្ជាការដ្ឋានកងអង្គរក្សផ្ទាល់សម្តេចតេជោ ត្រូវក្រុមនគរបាលខណ្ឌដង្កោ ដេញបាញ់ឲ្យរងរបួស និងវាយទាត់ធាក់បន្ថែមរហូតរងរបួសធ្ងន់ធ្ងរ អាចប្រឈមការពិការអស់មួយជីវិតដោយសារតែបែកឆ្អឹង ត្រគាក ព្រោះតែក្រុមនគរបាលខណ្ឌដង្កោ ចោទថា ជាមុខសញ្ញាចោរ និងលក់គ្រឿងញៀន ហ៊ានបាញ់តដៃនគរបាល។
កាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០១៨ លោកគឺឧត្តមសេនីយ៍ផ្កាយបី ឯល វណ្ណថន មេបញ្ជាការកងអនុសេនាធំការពារផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាឪពុកបង្កើតរបស់ជនរងគ្រោះ បានចេញលិខិតរៀបរាប់ពីដំណើររឿង ដែលបានកើត ឡើងទៅលើកូនប្រុសរបស់ខ្លួន។
ពីដំបូងឡើយពោល កាលពីថ្ងៃកើតហេតុ ទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៣៖៣០នាទីរសៀល មានការភ្ញាក់ផ្អើល នៃការផ្ទុះអាវុធដោយសេចក្ដីរាយការណ៍ដំបូង គឺកើតឡើងដោយសារ កម្លាំងសមត្ថកិច្ចមួយក្រុម បានតាមមុខសញ្ញាចោរប្លន់ឡាន និងលក់គ្រឿង ញៀន និងអះអាងទៀតថា បានបាញ់ទៅលើមុខសញ្ញានេះ ដោយសំអាងហេតុផល មកពីមុខសញ្ញាបាញ់តដៃមកលើសមត្ថកិច្ច។
ប៉ុន្ដែក្រោយការស៊ើបអង្កេត និងសួរនាំស្រាវជ្រាវយ៉ាងលម្អិតទៅ ការបាញ់ប្រហាររបស់សមត្ថកិច្ចខាងលើនេះ គឺជាការយល់ច្រឡំរហូតចុះទៅសុំទោស និងសួរសុខទុក្ខដោយសម្ដែងការសោកស្ដាយ ជាទីបំផុតចំពោះហេតុការណ៍មួយនេះ កើតឡើងទៅលើជនរងគ្រោះ។
លោកឧត្តមសេនីយ៍ផ្កាយ៣ ឯល វណ្ណថន បានរៀបរាប់ពីដំណើរដើមទង ដោយផ្ដើមចេញ នៅមុនពេលកើតហេតុនោះ កូនប្រុសរបស់លោក ឯល ស៊ឹមសុភ័ក្ដ្រ និងមិត្តភ័ក្ររបស់គេពីរនាក់ទៀត ទៅហូបបាយនៅភោជនីយដ្ឋានម្លប់ស្វាយដូងក្រអូប ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ហើយនៅក្នុងហាងនោះ មានមន្ដ្រីនគរបាលឈ្មោះ មៀច សន្ថា នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ (ព្រះនាមទិវា១១) និងឈ្មោះ អ៊ឹម សារ៉ុម ដែលជាគូកនរបស់ខ្លួន។
ពេលផឹកស៊ីនោះកូនរបស់លោក និងខាងភាគីនគរបាលតែងចូលបន្ទប់ទឹកជាញឹកញាប់ ហើយស្រាប់តែឃើញកូនរបស់លោកមានកាំភ្លើង ក៏រាយការណ៍ទៅអធិការរងខណ្ឌដង្កោ ទទួលបន្ទុកព្រហ្មទណ្ឌ លោក ឈឹម ប៊ុនរ័ត្ន ដោយចោទប្រកាន់ថា ជាចោរប្លន់ លក់គ្រឿងញៀន និងមុខសញ្ញាប្លន់ឡាន។
ក្រោយឃើញសភាពការណ៍មិនស្រួលបែបនេះ កូនរបស់លោក និងមិត្តភ័ក្របានចេញពីហាងឆ្ពោះទៅផ្សារឯករាជ្យបី កន្លែងប្រពន្ធលក់ទូរស័ព្ទ ក៏មានកម្លាំងនគរបាល ស្លៀកពាក់ទាំងឯកសណ្ឋាន និងស៊ីវិល ជិះម៉ូតូតាមក្រោយ ហើយមានក្រុមមួយទៀតពួនស្ទាក់ រហូតបាញ់ចំនួន៤គ្រាប់ បណ្ដាលឲ្យកូនរបស់លោករងរបួសជាទម្ងន់។
នៅក្នុងលិខិតបំភ្លឺនេះ ឧត្តមសេនីយ៍ជាន់ខ្ពស់ក្នុងជួរអង្គរក្សរូបនេះ ព្រមទាំងក្រុមគ្រួសារ បានដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌ ទៅលើនគរបាលឈ្មោះ មៀច សន្ថា និងអ៊ឹម សារ៉ុម ដែលបង្កឲ្យមានរឿងនេះកើតឡើង។
តាមប្រភពគណនីហ្វេសប៊ុក ឈ្មោះ “ខ្ញុំតស៊ូ គ្រប់បែបយ៉ាង ដើម្បីអ្នក” បានបង្ហោះសារដូច្នេះថា “យកអាយុជីវិត កិត្តិយសរបស់គេមកលេងសើច រួចហើយអាងធ្វើទឹកមុខ ជាតួកំសត់មកសុំទោស! នេះបាញ់គេវៃគេនៅមានជីវិត ចុះបើសិនជាបាញ់គេវៃគេដល់ថ្នាក់បាត់បង់ជីវិត តើយកជីវិតពីណាមកសងគេលោកអធិការ? ឱពុកគេផ្កាយបី ទៅដល់កន្លែងលោកគោរព លោកតែលោកអង្គុយលើកៅអី កងទាក់ខ្លាងួកក្បាល តែដល់ពេលដឹងរឿង បានស្ទុះមកអង្គុយក្បែរ! ចុះទំរាំជនរងគ្រោះខ្លះគ្មានខ្សែ គ្មានខ្នង មិនដឹងលោកខាំហែកចែកគ្នាស៊ី មិនអស់ប៉ុន្មានអ្នកទេ! បើអានាក់កាសែតខ្លះ live គេសុទ្ធតែគេជិះរត់៧ខណ្ឌ ប៉ូលិសធ្វើស៊ីយកនាក់ការសែត មកលុបសុទ្ធតែគ្នាវា ងាប់តែរាស្ត្រ!” ។
ជនរងគ្រោះ ត្រូវវេជ្ជបណ្ឌិត រកឃើញថា បានរបួសបែកឆ្អឹងផាលត្រកៀកខាងស្តាំ ដែលប្រឈមការពិការអស់មួយជីវិត ដោយសារត្រូវនឹងគ្រាប់កាំងភ្លើងអាកា៤៧ របស់មន្ត្រីនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជារបស់លោកអធិការ ជឹម ស៊ីថា។
សូមជម្រាបជូនថា ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ បើកប្រតិបត្តិការបាញ់ប្រហារជាច្រើនគ្រាប់ ប៉ុន្តែត្រូវ១គ្រាប់ ត្រង់ត្រកៀក និងធ្លាយភ្លៅខាងស្តាំ និងចាប់វាយបន្ថែម ឲ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចម្ដុំផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ឯល ស៊ឹមសុភ័ក្រ កំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរកាល់ម៉ែត ដែលជើងខាងស្តាំរបស់លោក មិនអាចកម្រើកបានឡើយ ក្រោយពីការវះកាត់អបដែករួចមក។
ចំពោះករណីបាញ់ប្រហារនេះ ក្រុមសាច់ញាតិបានចាត់ទុកថា ជាទង្វើអាក្រក់បំផុតរបស់នគរបាលខណ្ឌដង្កោ ហើយពួកគេចាត់ទុក ថា ជាសកម្មភាពគាបស៊ី ដោយចោទប្រកាន់ជនរងគ្រោះពីបទល្មើសផ្សេងៗ តាមតែអំពើចិត្ត៕ ដោយ៖បញ្ញាស័ក្តិ