ពោធិ៍សាត់៖ បុរស ម្នាក់ត្រូវរថយន្តបុកស្លាប់ នៅលើចិញ្ចើមផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចស្ពានថ្មស្រង់ធំ ក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៣និង៣០នាទីនារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខប៉ៃលិន 1A-3760 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត។ មួយសន្ទុះក្រោយមក ស្រាប់ តែមានរថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បើកបោះពួយយ៉ាងលឿន ធ្វើដំណើរក្នុងទិសដៅស្របគ្នា បើកប៉ះអ្នកជិះម៉ូតូបណ្តាលឲ្យដួលបោកក្បាល ទៅប៉ះបង្កាន់ដៃស្ពានបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់។ ក្រោយមានការ ធ្វើឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះ ដល់កន្លែងកើតហេតុពិនិត្យ មិនឃើញឯកសារសម្គាល់អត្តសញ្ញាណសាកសពបុរសរងគ្រោះ ក៏បានបញ្ជូនមកតម្កល់ទុក នៅមន្ទីរពេទ្យពោធិ៍សាត់ ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកសព៕ ដោយ ៖ បញ្ញាស័ក្តិ