ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានស្នើឲ្យអាជ្ញាធរកម្ពុជា ទម្លាក់បទចោទប្រកាន់មកលើលោក កឹម សុខា។
យោងតាម ហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអាមេរិក នៅថ្ងៃទី១០ ខែធ្នូ ក្នុងឱកាសអបអរសាទរ ខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៨ (១០ធ្នូ ១៩៤៨-១០ ធ្នូ ២០១៨) អមដោយរូបភាពលោក កឹម សុខា បានឲ្យដឹងថា “នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ យើងអំពាវនាវឲ្យមានការទម្លាក់បទចោទប្រកាន់ ទៅលើគ្រប់អ្នកទោសនយោបាយទាំងអស់។
អយុត្តិធម៌គ្រប់ទីកន្លែង គឺជាការគំរាមកំហែងគ្រប់ទីកន្លែង ~ សម្តីលោក Martin Luther’s King Jr អបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨”។
សូមរំឭកផងដែរថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំ ដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានតុលាការ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវយកមកឃុំខ្លួននៅក្នុងផ្ទះវិញ៕ ដោយ ៖ បញ្ញាស័ក្តិ