Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចយោធាភូមិភាគទី៥ ដុតកម្ទេចឧបករណ៍ឆក់ត្រីខុសច្បាប់ ចំនួន ១៤២គ្រឿង

បាត់ដំបង៖ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទ ទិសយោធភូមិភាគទី៥ បានដឹកនាំក្រុមការងារដុតកម្ទេចឧបករណ៍ឆក់ត្រីខុសច្បាប់ សរុបចំនួន ១៤២គ្រឿង ដែលប្រជាពលរដ្ឋមានការភ្ញឹករលឹក ប្រគល់ជូនកម្លាំងបង្រ្កាបបទល្មើសនេសាទ ទិសយោធភូមិភាគទី៥ ស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា កងកម្លាំងប្រតិបត្តិការ របស់យោធភូមិភាគទី៥ បានចុះបំពេញបេសកកម្មប្រតិបត្តិការ ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន មានរយៈពេល ៦៥ថ្ងៃ មកហើយ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយកន្លងមក ការបង្រ្កាបការនេសាទខុសច្បាប់ជលផល មានច្រើនករណី និងបានដុតបំផ្លាញចោលជាបន្តបន្ទាប់។

ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថាការចុះបង្រ្កាបនេសាទខុសច្បាប់របស់កងទ័ពនាពេលនេះ គឹដើម្បីការពារធនធានធម្មជាតិ ជីវៈចម្រុះ ដែលជាផលប្រយោជន៍ជាតិ ផលប្រយោជន៍ដល់ប្រជានេសាទ កំពុងរស់នៅអាស្រ័យផល រាល់ថ្ងៃ ស្របតាមច្បាប់ជលផល សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានភ្ញាក់រលឹក ប្រគល់ឧបករណ៍នេសាទខុសច្បាប់ជូនកងកម្លាំង និងអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមកុំប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់ និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទក្នុងបឹងទន្លេសាប៕រក្សាសិទ្ធដោយ៖សុទ្ធលី

×