ខេត្តបាត់ដំបង ៖ជនសង្ស័យចំនួន៦នាក់ ដែលបានប្រើប្រាស់កាំភ្លើងអាកា១ដើម ម៉ាស៊ីនត្រងសឺន័រអារឈើ១គ្រឿង រថយន្តកែច្នៃ១គ្រឿងបានធ្វើសកម្មភាពចូលលួចកាប់ឈើឆ្នង់ដ៏ធំមួយដើម នៅចម្ការមួយកន្លែង ហើយពេលម្ចាស់ចម្ការមកទាន់ ក៏បានប្រើប្រាស់កាំភ្លើងបាញ់គំរាមម្ចាស់ឈើ ។ ម្ចាស់ចម្ការបានរត់ទៅប្តឹងសមត្ថកិច្ច ដើម្បីឲ្យអន្តរាគមន៍ ហើយកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួន ជនទាំងនោះ កាលពីម៉ោង៦ល្ងាច ថ្ងៃទី១០ ធ្នូ ស្ថិតត្រង់ចំណុចថ្មតម្រួត ក្នុងភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
កម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ១-ឈ្មោះយី ម៉ង់ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត , ២-ឈ្មោះប៉ែត សំអ៊ុន អាយុ៣២ឆ្នាំ រស់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ, ៣-ឈ្មោះឆៃ ណាក់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកន្តួត ឃុំសំឡូត ស្រុកសំឡូត, ៤-ឈ្មោះនាក់ មឿន អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត, ៥-ឈ្មោះសៀង សុខា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំជាមួយគ្នា និង៦-ឈ្មោះគឿត សាវី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំជាមួយគ្នា ។ ពួកគេ ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកសំឡូត ឃាត់ខ្លួនជាបន្តបន្ទាប់ ដែលជាប់សង្ស័យពីបទលួចកាប់ឈើគំរាមកំហែង និងកាន់កាប់អាវុធខុសច្បាប់ និងបានដកហូតបានវត្ថុតាងរួមមាន កាំភ្លើងអាកា១ដើម គ្រាប់ចំនួន៤គ្រាប់ ម៉ាស៊ីនត្រងសឺន័រអារឈើ១គ្រឿង រថយន្តកែច្នៃ១គ្រឿង និងឈើធ្នង់១ដើម។ ជនសង្ស័យទាំង៦នាក់ និងវត្ថុតាងកំពុងឃាត់នៅមូលដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនទាំង៦នាក់នេះ បាននាំគ្នាលួចកាប់ឈើធ្នង់នៅក្នុងចំការរបស់ឈ្មោះសូត្រ ណុង ហៅម៉ម នឿន អាយុ៥៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ពេលកំពុងធ្វើសកម្មភាព ម្ចាស់ចំការបានទៅទាន់ តែត្រូវក្រុមជនសង្ស័យទាញកាំភ្លើងអាកាបាញ់គំរាមមិនឲ្យម្ចាស់ចំការចូលជិត ទើបម្ចាស់ចម្ការរាយការណ៍ប្ដឹងសមត្ថកិច្ច៕ ដោយ ៖ បញ្ញាស័ក្តិ