ខេត្តស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទីទី១៣ខែធ្នូឆ្នាំ២០១៨ នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទា្វរព្រំដែនអន្តរជាតិព្រៃវល្លិ៍ខេត្តស្វាយរៀង។
ពិធីនេះបានប្រព្រឹត្តទៅនាទីស្នាក់ការមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ស្ថិតក្នុងភូមិអូរឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកអភិបាលរងស្រុកកំពង់រោទិ៍ រួមនិងមន្ត្រីនានាដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះផងដែរលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងក៍បានថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្នាក់ការមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលកន្លងមកបានរួមសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើររួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការគាំទ្រដល់ការការពារព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសជិតខាងជាមិត្តតាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់មិនត្រឹមតែចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
ចំពោះមន្ត្រីរាជការដែលត្រូវប្រកាសតែងតាំងប្រគល់ភារកិច្ចនិងផ្ទេរភារកិច្ចនៅថ្ងៃនេះដែលសុទ្ធសឹងជាមន្ត្រីធ្លាប់មានបទពិសោធន៍ការងារនិងមានស្នាដៃល្អក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនហើយសូមឱ្យមន្ត្រីរាជការទាំងអស់គ្នាចាត់ទុកថានេះគឺជាកម្លាំងចលករជំរុញទឹកចិត្តឱ្យកាន់ខិតខំប្រឹងប្រែងដើម្បីកសាងបាននូវស្នាដៃនិងសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួននាពេលខាងមុខសម្រាប់បម្រើឱ្យផលប្រយោជន៍រួមរបស់អង្គភាព។
លោក ហែមពិសិដ្ឋបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ៖ មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មីនិងប្រកាសចូលកាន់មុខតំណែងនាពេលនេះត្រូវបន្តបេសកកម្ម ចូលរួមសហការជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងគោរពតាមឋានានុក្រមដឹកនាំស្របតាមការបែងចែកភារកិច្ចទទួលខុសត្រូវឱ្យបានល្អ។
សូមបញ្ជាក់ផងដែរថា ៖ យោងតាមប្រកាសស្តីពីការប្រគល់ភារកិច្ចជូនមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃលេខ៧០៣៧ ប្រកចុះថ្ងៃទី៥ខែធ្នូឆ្នាំ២០១៨របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សំរេចត្រូវបានប្រគល់ភារកិច្ចជូនទី១.លោក ម៉ែន សម្បត្តិ ឋានន្តរស័ក្កិអនុមន្ត្រីថ្នាក់លេខ៤ឱ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ខេត្តស្វាយរៀង ទី២. លោក អន ឈន ឋានន្តរស័ក្កិលេខាធិការរដ្ឋបាលថ្នាក់លេខ៨ ជាជំនួយការប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ខេត្តស្វាយរៀង ៕ ដោយ ៖ វ៉ៃគោ