អ្នកមេម៉ាយរូបស្រស់សោភាម្នាក់ បានសម្រេចចិត្តលាឈប់ការងារពីក្រុមហ៊ុនឯកជនមួយ ដែលនាងកំពុងធ្វើអស់រយៈពេល ៣ ឆ្នាំ បន្ទាប់ពីបានដឹងថា មិត្តភក្តិរបស់នាងដែលកំពុងប្រកបមុខរបរដាំម្ទេស នៅ Kluang, Johor កំពុងទទួលបានប្រាក់ចំណូលសមរម្យ ។
យោងតាម Harian Metro ស្ត្រីឈ្មោះ Nur Hasmirah អាយុ ៣៨ ឆ្នាំ បានរៀបរាប់ឲ្យដឹងថា៖ «ទោះបីជាខ្ញុំមិនមានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មក៏ដោយ ក៏ខ្ញុំមិនស្ទាក់ស្ទើរបោះបង់ការងាររបស់ខ្ញុំដែរ ។ ជាការពិតណាស់ បងប្អូនបង្កើតរបស់ខ្ញុំ ពិសេសបងប្រុសរបស់ខ្ញុំ បានគាំទ្រការសម្រេចចិត្តរបស់ខ្ញុំ» ។
នាងបន្តថា៖ «ខ្ញុំបានយល់ដឹងនូវបច្ចេកទេសដាំដុះពី Pertubuhan Peladang Kawasan Kuala Langat មុនពេលជួលដីគេមួយផ្នែកទំហំ ១.២ ហិកតា នៅក្នុង Bukit Pelanduk ។ ខ្ញុំបន្ទាប់មក បានចំណាយប្រាក់ RM 24,000 សម្រាប់ប្រដាប់ប្រដាសម្ភារៈដាំដុះមួយចំនួន និងទិញកូនម្ទេសចំនួន ២,០០០ ដើម…» ។
«រៀងរាល់ថ្ងៃ ខ្ញុំបានទៅកាន់ចម្ការ ដើម្បីត្រួតពិនិត្យមើលដើមម្ទេសទាំងអស់ ។ ខ្ញុំជ្រើសរើសដាំម្ទេសនេះ ព្រោះគិតថា ពួកវាងាយស្រួលក្នុងការថែទាំ និងពុំតម្រូវការមានកម្លាំងប្រុសច្រើននោះទេ ប្រសិនជាយើងកំពុងប្រើបច្ចេកទេសទំនើប…» ។
ក្រោយរយៈពេល ៥ ខែ ផលដំណាំរបស់នាង ដែលត្រូវបានប្រមូលរួច ទទួលបានជិត ៥ តោន ពីម្ទេសចំនួន ២,០០០ ដើម ។ ហើយប្រាក់ចំណូលត្រូវបានកត់ត្រាបានរហូត RM 30,000 (ប្រមាណ ៧ ពាន់ដុល្លារ) ដែលជំរុញទឹកចិត្តឲ្យនាងបន្តដាំម្ទេសនេះតទៅទៀត ៕ ដោយ៖ ចន្ទី