ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការពេញមួយយប់ទល់ភ្លឺ ដើម្បីបង្ក្រាបក្រុមជនជាតិចិន ដែលបានចាប់ជំរិតទារប្រាក់ទ្រង់ទ្រាយធំ ដោយដកហូតបានអាវុធខ្លីទំនើបមួយដើម និងរថយន្ដចំនួន២គ្រឿងផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានធ្វើសន្និសីទកាសែត ដើម្បីប្រាប់អំពើករណីចាប់ជំរិតជនជាតិចិននេះ បានកើតឡើងនៅយប់ថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ប្រតិបត្ដិបង្ក្រាបដោយជោគជ័យនេះ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនាយកដ្ឋានសន្ដិសុខផ្ទៃ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ និងការចង្អុលបង្ហាញពីគណៈបញ្ជាការឯកភាពខេត្ត។
ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ ក្រុមជនសង្ស័យបានរៀបផែនការយ៉ាងល្អិតល្អន់ តាមដានឃ្លាំមើលជនរងគ្រោះធ្វើដំណើរ ពេលជនរងគ្រោះបើករថយន្ដម៉ាក PORSCHE ម្នាក់ឯងមកដល់កន្លែងស្ងាត់ ចំណុចជិតស្ថានីយចំរោះទឹក នៅអូរឈើទាល់សង្កាត់លេខ៤ ក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានបើករថយន្ដ Lexus ស្ទាក់គៀរ ពេលនោះជនរងគ្រោះ បានឈប់រថយន្តដើម្បីសួរនាំ ក៏ត្រូវពួកជនល្មើសយកកាំភ្លើងភ្ជង់ ចាប់ក្រៀកដាក់ឡានសង្កត់ក្បាល ចុះក្រោម ចងដៃដោយខ្សែរឹត (ខ្សែស៊ីល) ហើយនាំខ្លួនយកមកបង្ខាំងទុកនៅផ្ទះជួល បុរីBS អូរទី១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទបន្តថា បន្ទាប់មកក្រុមជនសង្ស័យបានទុកគ្នាម្នាក់ឲ្យយាមជនរងគ្រោះ រីឯគ្នា២នាក់ទៀត បានបើកឡានរបស់ជនរងគ្រោះម៉ាក PORSCHE យកទៅផ្លុងចោលនៅ បេនឡានចាស់ ជិតកាំកុងត្រូល។ ប្រមាណជិត២ម៉ោង ក្រោយមកក្រុមជនសង្ស័យបានទូរសព្ទជំរិត ទារប្រាក់ពីប្អូនជនរងគ្រោះចំនួន៨០ម៉ឺនដុល្លារ។
ជនសង្ស័យដែលកម្លាំងនគរបាលជំនាញ បង្ក្រាបបានទាំង៣នាក់នោះ ទី១៖ឈ្មោះ ZHENG RONGMAO អាយុ២៦ឆ្នាំ, ទី២៖ឈ្មោះ DAI HONGDA អាយុ២៣ឆ្នាំ និងទី៣៖ឈ្មោះ LIN JINPEI អាយុ២៤ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន កាំភ្លើងខ្លីម៉ាក BERITA STOM ១ដើម មានបង់២ គ្រាប់ចំនួន១០គ្រាប់, កូនកាំប៊ិតមួយ, ខ្សែចងរឹត (ស៊ីល) ២ដុំ, ទូរស័ព្ទដៃ៦គ្រឿង និងរថយន្តលុចសីស RX300 ចំនួន១គ្រឿង និងរថយន្ដទំនើបរបស់ជនរងគ្រោះ។ ដោយឡែកជនរងគ្រោះឈ្មោះ LI FUJIE ភេទប្រុស អាយុ៤៧ឆ្នាំ ក៏បានសមត្ថកិច្ចរំដោះបានផងដែរ។
លោកស្នងការ បញ្ជាក់ថាប្រសិនបើក្រុមនេះធ្វើសកម្មភាពបានសម្រេច ពួកគេនឹងហៅគ្នីគ្នាមកពីប្រទេសចិនបន្ថែមទៀត មកពីធ្វើសកម្មភាពចាប់ជំរិតក្រុមអ្នករកស៊ីជាជនជាតិចិនដែលមានលុយ ប៉ុន្ដែជាអកុសលក៏ត្រូវកម្លាំងនគរបាលបង្ក្រាបបានទាន់ពេល។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យទាំងនេះ មកពីប្រទេសចិនបានប្រើប្រាស់លិខិតឆ្លងដែន ពីរផ្សេងៗគ្នា លិខិតពិតប្រាកដសម្រាប់ការធ្វើទិដ្ឋាការធ្វើដំណើរ លិខិតក្លែងក្លាយសម្រាប់ការជួលរថយន្ត និងជួលផ្ទះ ដើម្បីងាយផ្លាស់ប្តូរអត្តសញ្ញាណ ទីតាំងគេចខ្លួនក្រោយពេលបែកការណ៍ ហើយក្រុមនេះ មកប្រទេសកម្ពុជាដើម្បីតាមសម្គាល់មើលអ្នកវិនិយោគចិន ដែលមានលុយច្រើន ដោយបានកត់លេខរថយន្តចំនួន៦គ្រឿង មានបំណងចាប់ជំរិត ប៉ុន្តែទើបប្រព្រឹត្តបានមួយលើក ក៏ត្រូវកម្លាំងនគរបាលបង្ក្រាបបានតែម្ដង។
បច្ចុប្បន្នក្រុមចាប់ជំរិតជាជនជាតិចិនទាំង៣នាក់នេះ កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ