មនុស្សចំនួន ១១នាក់បានស្លាប់ និងជាច្រើននាក់ទៀតពុល បន្ទាប់ពីពួកគេបរិភោគបាយ នៅព្រះវិហារមួយកន្លែង ក្នុងប្រទេសឥណ្ឌា។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសឥណ្ឌាក្នុងតំបន់នោះ។
មនុស្សចំនួន ៧០នាក់បានពុល និងត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបរិភោគបាយ ក្នុងពិធីបុណ្យមួយ ស្ថិតក្នុងរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។
អ្នកនាំពាក្យប៉ូលីសបានថ្លែងប្រាប់ BBC ថា ជនរងគ្រោះចំនួន ១១នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។
បន្ទាប់ពីហេតុការណ៍កើតឡើង មនុស្សចំនួន ២នាក់ត្រូវបានចាប់ខ្លួន។ មន្ត្រីសុខាភិបាលម្នាក់បានថ្លែងថា ចំណីអាហារដែលជនរងគ្រោះបរិភោគនោះ ប្រហែលមានជាតិពុល។
មនុស្សម្នាក់ដែលបានចូលរួមក្នុងពិធីបុណ្យបានថ្លែងថា “ពួកយើងត្រូវគេអោយបាយប៉េងប៉ោះហូប ដែលមានធំក្លិនទៅហើយ”។
គាត់ថ្លែងប្រាប់អ្នកសារពត៌មានបន្តថា “អ្នកដែលបោះវាចោល មិនអីទេ។ ប៉ុន្តែអ្នកដែលហូបវាចាប់ផ្តើមមានអាការៈក្អួត និងឈឺពោះ”។
បាយនោះត្រូវបានគេអោយទៅដល់អ្នកដែលចូលរួម ខណៈពួកគេចេញពីវិហារទៅផ្ទះ៕ សុភ័ក្ត្រ
ប្រភព៖ BBC