ខេត្តស្វាយរៀង ៖ លោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨នេះបាននាំយកនូវអំណោយមនុស្សធម៌របស់សាខាកាកក្រហមកម្ពុជាខេត្តស្វាយរៀងយកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ខូចខាតផ្ទះទាំងស្រុងចំនួន ៥ គ្រួសារ នៅឃុំធ្លក ២ គ្រួសារ ឃុំក្រោលគោ ៣ គ្រួសារ និងគ្រួសាររងគ្រោះដោយសារក្មេងលង់ទឹកស្លាប់ម្នាក់ នៅឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះដែរ លោក នាយកសាខា ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចជាកាល តែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ បិទទូរទស្សន៍ ទូរស័ព្ទ ពេលមានភ្លៀងផ្គរ មើលថែទាំកូនចៅកុំឱ្យលេងទឹក ប្រុងប្រយ័ត្នអគ្គីភ័យ និងជាពិសេសត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ។
អំណោយដែលបានផ្តល់ជូនគ្រួសាររងគ្រោះទាំង ៥ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំង ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់១ ឃីត១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ១០០,០០០ រៀល និងគ្រួសារក្មេងលង់ទឹកស្លាប់ទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង កន្ទេលបត់ ១ ឃីត១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ១០០.០០០ រៀល ព្រមទាំងបានឧបត្ថម្ភដល់ប្រជាការពារថវិកា ១០០,០០០ រៀល សម្រាប់ជួសជុលដំបូលដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់នោះដែរ ៕ ដោយ ៖ វ៉ៃគោ