ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សេក ភូមី បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា បានរកឃើញនៅស្ថានីយ៍បុរាណស្ថាន រាប់ពាន់កន្លែងទៀត នាពេលថ្មីៗនេះ ហើយយើងត្រូវសហការ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារឲ្យបានគង់វង់ និងសម្រាប់ទុកជាសម្បត្តិបេតិកភណ្ឌ ដល់មនុស្សជាតិជំនាន់ក្រោយ ។ លោកឧត្តមសេនីយ៍ឯក បានជំរុញដល់នគរបាលការពារបេតិកភណ្ឌទាំងអស់ ត្រូវបង្កើនការការពារសម្បត្តិបេតិកភណ្ឌ ទាំងលើគោក និងក្រោមទឹក ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ដែលសម្បត្តិបេតិកភណ្ឌរាប់ពាន់ ដែលបានបន្សល់ទុក ពីបុព្វបុរសខ្មែរ ។
ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតាំងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ក្នុងនាមជាមន្ត្រីនគរបាលការពារបេតិកភណ្ឌ ត្រូវសហការគ្នា ជាមួយភាគីពាក់ព័ន្ធទាំងអស់ ការពារឲ្យបានគង់វង់ នូវសម្បត្តិបេតិកភណ្ឌទាំងលើគោក និងក្រោមទឹក និងត្រូវធ្វើអ្វីៗមានសិលធម៌ និងវិជ្ជាជីវៈបំផុតផងដែរ ។
លោកឯកឧត្តមសេនីយ៍ អគ្គស្នងការរង បានបញ្ជាក់បន្ថែមថា “យើងត្រូវតែប្តេជ្ញាចិត្តរួមគ្នា ដើម្បីកំណត់ឲ្យបាននូវទស្សនៈវិស័យ របស់មន្ត្រីនគរបាលការពារបេតិកភណ្ឌទាំងអស់ ត្រូវតែមានសមត្ថភាព និងលទ្ធភាព គ្រប់គ្រាន់ការពារបេតិកភណ្ឌជាតិ គ្រប់ទីកន្លែងឲ្យបាន ស្ថិតស្ថេរគង់វង្ស និងរក្សាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងដែន សមត្ថកិច្ច ដែលយើងទទួលខុសត្រូវរបស់ខ្លួន”។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក សេក ភូមី ក៏បានថ្លែងកោតសរសើរ ចំពោះការខិតខំរបស់ នគរបាលការពារបេតិកភណ្ឌ ដែលបានព្យាយាម និងខិតខំថែរក្សានូវសម្បត្តិវប្បធម៌ និងបេតិកភណ្ឌ នាពេលកន្លងមក ដោយទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ បញ្ញាស័ក្តិ