ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននាំពាក្យអ្នកជំនាញការយោធាឲ្យដឹងថា កូរ៉េខាងជើងត្រៀមបម្រុងបាញ់បង្ហោះផ្កាយរណបថ្មីចំនួនពីរ ក្រោយការសាកល្បងកាំជ្រួចដ៏ខ្លាំងបំផុតរបស់ប្រទេសនេះ កាលពីចុងខែមុន។
កាសែត Rossiyskaia Gazeta របស់រុស្ស៊ីចុះផ្សាយថ្ងៃ ៨/១២ ដែលដកស្រង់សម្តីរបស់អ្នកជំនាញការយោធា Vladimir Khrustalev ឲ្យដឹងថា កូរ៉េខាងជើងបានរៀបចំស្ទើរួចរាល់នូវការបាញ់បង្ហោះផ្កាយរណប២ នាអនាគតដ៏ខ្លីខាងមុខនេះ។ លោក Khrustalev បានទម្លាយចេញព័ត៌មាននេះ ក្រោយពីលោកធ្វើទស្សនកិច្ច២សប្តាហ៍ទៅកាន់កូរ៉េខាងជើង នៅអំឡុងពាក់កណ្តាលខែ១១។
អ្នកជំនាញ Khrustalev បានជួបជាមួយមន្ត្រីនៃស្ថាប័នអភិវឌ្ឍន៍អាកាសចរណ៍ និងអវកាសជាតិកូរ៉េខាងជើង (NADA) នៅថ្ងៃទី ១៩/១១ ហើយស្តាប់របាយការណ៍ពីតំណាងភាគីកូរ៉េបកស្រាយពន្យល់កម្មវិធីផ្កាយរណបអវកាសរបស់ប្រទេសនេះ។ តាមនោះកូរ៉ខាងជើងបានរៀបចំស្ទើរួចរាល់នូវការបាញ់បង្ហោះផ្កាយរណបពីរ ក្នុងឆ្នាំនេះ (២០១៧) រួមមានផ្កាយរណបមួយសម្រាប់ឃ្លាំមើលផែនដីពីចម្ងាយទម្ងន់ជាង ១០០គីឡូ ហើយនឹងផ្កាយរណបមួយទៀត សម្រាប់បម្រើការទាក់ទងមានទម្ងន់ជាង១តោន។
កាលពីខែ ២/២០១៦ កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុមួយដែលប្រទេសនេះ ហៅថា ផ្កាយរណបចេញពីទម្រអចល័ត។ ក្រុងព្យុងយ៉ាងចាត់ករណីបាញ់បង្ហោះនេះគឺជាផ្នែកមួយក្នុងកម្មវិធីអភិវឌ្ឍន៍លំហអវកាស និងជាសិទ្ធិស្របច្បាប់នៃប្រទេសអធិបតេយ្យភាពមួយ៕ សូយន