Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា ជំរុញ​ដល់​សមាជិក​បក្ស​ត្រូវ​យកចិត្តទុកដាក់​អំពី​ជីវភាព​រស់នៅ​ផ្តល់​សេវាសាធារណៈ ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត​

​ស្វាយរៀង ៖ នាយ​ឧត្តម​សេ​នី ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា​បានធ្វើការ​ជម្រុញ​ដល់​ក្រុមការងារ​និង​សមាជិក​បក្ស​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ ផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ពលរដ្ឋ​អោយបាន​ល្អ​ប្រសើរ​បន្ថែម​ទៀត​ទាំង​សេវា​សំណូមពរ​និង​សេវា​តម្រូវការ​។

​ការ​ថ្លែង​របស់​ប្រធាន​ក្រុមការងារ​បែប​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ គណបក្ស​ស្រុក​ជួយ​ឃុំ ភូមិ ក្រុមប្រឹក្សា​ឃុំ​និង​មេភូមិ​គ្រប់​ភូមិ​នៅ​ស្រុក​ចន្ទ្រា​និង​ក្រុង​បាវិត​នៅ​ព្រឹក​ថ្ងៃទី​៩​និង​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៧​នៅ​សាលប្រជុំ​គណបក្ស​ស្រុក​ចន្ទ្រា​និង​ក្រុង​បាវិត​។​

​នាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​មិន​ដែល​រត់​ចោល​ប្រជាពលរដ្ឋ គឺ​តែងតែ​នៅ​រួមសុខ​រួមទុក្ខ​នៅ​ជា​មួល​ពលរដ្ឋ ឬ​ឯ​បក្ស​ផ្សេង​មិនដែល​ធ្វើ​អ្វី​សោះ បាន​តែ​ថា​មិន​ឃើញ​ធ្វើ​អ្វី​នោះ​ទេ គឺ​តែងតែ​បង្ក​អសន្តិសុខ ញុះញង់​បំពុលសង្គម​ហើយ គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​រំលាយ​ដោយសារ​មេបក្ស​រូប​នេះ​រង​ការចោទប្រកាន់​ក្បត់ជាតិ​ផងដែរ​។​

​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន បាន​បន្តទៀតថា ក្នុង​រយៈពេល​៣៩​ឆ្នាំ កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​នា វា​កម្ពុជា ឲ្យមាន​ការរីកចម្រើន​ទាំង​ក្នុង​កម្រិត​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដោយ​បាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​៤ ជា​អាទិភាព​មាន ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស​។​

​ប្រធាន​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ចន្ទ្រា​និង​ក្រុង​បាវិត ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ចន្ទ្រា​និង​ក្រុង​បាវិត ត្រូវ​បន្ត​ធ្វើ​អំពើ​ល្អ​ជាមួយ​ពលរដ្ឋ​ឲ្យបាន​កាន់តែ​បាន​ល្អ ប្រសើរ​ថែម​ទៀត ព្រមទាំង​ត្រូវ​ផ្តល់​សេវា​សាធារណៈ​ផ្សេងៗ ឲ្យបាន​ឆាប់រហ័ស និង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​នូវ​សេវា​មិន​បង់ប្រាក់​ដូចជា​៖ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ​ជាដើម ដើម្បី​ឲ្យ​ពលរដ្ឋ​បានដឹ​ង​យល់​ជ្រួតជ្រាប​ចៀសវាង​មាន​ការ​ថ្នាំងថ្នាក់​ណាមួយ​។​

​នាយ​ឧត្តមសេនីយ៍ក៏​បាន​អំពាវនាវ​ដល់​អាជ្ញា​ដែនដី​និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែលមាន​សម្តេច​តេជោជា​ប្រមុខ​ដឹកនាំ​បាន​ប្រែក្លា​យ​ប្រទេស​តាំងពី​បាត​ទទេរ​អោយមាន​ការរីកចម្រើន​ជាពិសេស​នាំ​មក​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ហើយ ត្រូវការពារ​សន្តិភាព​នេះ​អោយ​ស្ថិតស្ថេរ​យូ​អង្វែង​កុំ​អ្នកណា​មក​បំផ្លាញ​បាន​ឡើយ​៕ វ៉ៃកូ

×