ភាពតានតឹងនៅឧបទ្វីបកូរ៉េគឺជាបញ្ហាសន្តិសុខដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក ហើយបញ្ហានេះត្រូវដោះស្រាយឲ្យបានលឿនតាមរយៈការទូតដើម្បីបញ្ចៀសសង្គ្រាម។ នេះបើតាមការបញ្ចាក់របស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិក្រោយពីបានធ្វើដំណើរទស្សនៈកិច្ចដ៏កំរទៅកាន់ប្រទេសកូរ៉េខាងជើង។
លោក Jeffrey Feltman អនុអគ្គលេខាធិការសំរាប់កិច្ចការបរទេសរបស់អង្គការសហប្រជាជាតិ បានធ្វើដំណើរទស្សនៈកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើងចាប់តាំងពី ថ្ងៃអង្គារ ដល់ថ្ងៃសុក្រសប្តាហ៏មុន ដែលវាជាការធ្វើដំណើរលើកដំបូងបង្អស់របស់មន្ត្រីជាន់ខ្ពស់ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។
ក្នុងកំឡុងទស្សនៈកិច្ច លោក Jeffrey Feltman បានជួបពិភាក្សាជាមួយនឹង រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Yong Ho។ ការជួបគ្នាបានធ្វើឡើងតែមួយសប្តាហ៏ប៉ុណ្ណោះក្រោយពេលកូរ៉េខាងជើង បានសម្រេចក្នុងការបាញ់សាកល្បងមីស៊ីលរយៈចំងាយឆ្ងាយ ដែលអាចមានសមត្ថភាពវាយប្រហារអាមេរិចគ្រប់ទីកន្លែង។
មន្ត្រីជាន់ខ្ពស់ទាំងពីររបស់កូរ៉េខាងជើង និងអង្គការសហប្រជាជាតិ បានព្រមព្រៀងគ្នាថា ស្ថានភាពនាពេលបច្ចុប្បន្នគឺជាបញ្ហាតានតឹង និងបញ្ហាគ្រោះថ្នាក់បំផុតដល់សន្តិភាព និងសន្តិសុខក្នុងពិភពលោក។ នេះបើតាមការបញ្ជាក់របស់ UN នៅក្នុងសេចក្តីប្រកាស។
លោក Jeffrey Feltman បានសង្គត់ធ្ងន់ថា រាល់សេចក្តីសម្រេចដែលទាក់ទងទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខត្រូវតែអនុវត្ត និងបានលើកឡើងថា ដំណោះស្រាយផ្នែកការទូតនឹងត្រូវបានសម្រេចតាមរយៈកិច្ចសន្ទនាដែលស្មោះត្រង់នឹងគ្នា៕ សុភ័ក្ត្រ