កូនប្រុសម្នាក់ នៅប្រទេសចិន បានយកទូរស័ព្ទចូលក្នុងសាលាដើម្បីលេងហ្គេម។ ឪពុករូបនោះប្រដែប្រដៅរហូត តែកូនប្រុសរូបនោះពុំយកត្រចៀកស្តាប់ទេ ។ ជំនួសដោយការដាក់ទណ្ឌកម្មកូនដោយរំពាត់ លោកបែរជាវាយសំពងខ្លួនឯង។ស្មានពុំដល់ថា វិធីបែបនេះបែរជាមានប្រសិទ្ធភាពយ៉ាងខ្លាំង ធ្វើឲ្យកូនប្រុសលែងចចេះរឹងរូស ហើយស្រែកសុំទោសខ្លាំងៗ ខ្សែវីដេអូថតយករូបភាពប្រដៅកូនខុសគេនេះ មានការរាលដាលយ៉ាងលឿន នាពេលសប្តាហ៍កន្លងមក។
ចំណែកកូនប្រុសវិញខិតខំបកស្រាយជាមួយឪពុកថា គ្រូបង្រៀនអនុញ្ញាតឲ្យយកទូរស័ព្ទចូលក្នុងថ្នាក់។ “ឪពុកអាចប្រដៅកូនបានទេ” ឪពុករូបនោះស្រែក។ រីឯកូនប្រុសឆ្លើយតបវិញថា ៖ “ពុកកំពុងប្រដៅកូនហើយតើ”។
“កូនពិតជាបានត្រូវប្រដៅ ប៉ុន្តែកូនពុំស្តាប់ឡើយ” ឪពុកតបទៅកូនវិញ ស្រាប់តែកូនប្រុសនេះ បន្តឆ្លើយតបនឹងឪពុកដោយសុភាសិតចិនមួយថា “ចិញ្ចឹមកូនហើយពុំប្រដៅជាកំហុសរបស់ឪពុក”។
ខណៈពេលកូនប្រុសនិយាយដដែលៗនូវពាក្យនេះ ឪពុកបានប្តូរ “យុទ្ធវិធីផ្សេង”។ គាត់បានហុចរំពាត់ឲ្យកូនប្រុស រួចដេកក្រាបលើឥដ្ឋ ហើយនិយាយថា “លើកនេះកំហុសរបស់កូន ខុសដោយសារពុក។ ពុកនឹងទទួលទណ្ឌកម្ម។ លោកនិយាយបណ្តើរទទូចទាមទារឲ្យកូនយករំពាត់វាយមកលើខ្លួន។
យុវជនជាកូនពិតជាភ័យស្លន់ស្លោរហើយពុំហ៊ានធ្វើឡើយ ខណៈពេលដែលឪពុកស្រែកដដែលៗខ្លាំងៗថា “កូនឮទេ នេះជាកំហុសរបស់ពុកកាន់រំពាត់វាយពុកឲ្យលឿនឡើង!” ពេលនោះកូនប្រុសបានត្រឹមតែឈរស្ងៀម រួចយំ។
ឪពុករូបនេះបានកាន់រំពាត់រួចវាយលើខ្នងខ្លួន វាយបណ្តើរគាត់ស្រែកខ្លាំងៗបណ្តើរ “នេះជាកំហុសរបស់ខ្ញុំ ខ្ញុំពុំចេះប្រដៅកូន កំហុសរបស់ខ្ញុំម្នាក់គត់” ក្រោយមកបុរសជាកូនបានសារភាពកំហុស ហើយនិយាយថា “កូនឃើញកំហុសរបស់ខ្លួនហើយ”។
បុរសជាឪពុកងើបឡើងនិយាយយ៉ាងខ្លី “លើកនេះ ពុកទទួលទណ្ឌកម្មជំនួសកូន តែលើកក្រោយទណ្ឌកម្មនេះគឺកូនជាអ្នកទទួល”។ ប្រព័ន្ធផ្សព្វផ្សាយចិនពុំបង្ហើបពីអត្តសញ្ញាណ និងទីកន្លែងស្នាក់នៅរបស់ឮពុកកូននោះទេ ។ បណ្តាញសង្គមចិនមានការជជែកវែកញែកយ៉ាងផុលផុសអំពីរបៀបប្រដៅកូនចម្លែកបែបនេះ ប៉ុន្តែគេសុទ្ធសឹងទម្លាក់កំហុសទៅឲ្យយុវជនជាកូននៅក្នុងសាច់រឿងនេះ៕ អាទិត្យ
វីដេអូនេះត្រូវបានកូនស្រីរបស់ជាឪពុករូបនោះថតជាប់ក្នុងបន្ទប់ទទួលភ្ញៀវ។