ភ្នំពេញ ៖ ជនជាតិបែលហ្សិក២នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញ ប្រកាសសាលក្រម សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត និងពិន័យប្រាក់ក្នុងម្នាក់ ៨០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនឆ្លងដែន ជាង១គីឡូក្រាម តាមមាត្រា៤០នៃច្បាប់ប្រឆាំងគ្រឿងញៀន។
សាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី១៩ ធ្នូ ២០១៨ បានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោស ជនជាប់ចោទ ឈ្មោះ TANGUY EDDIE J TALLER ភេទប្រុស អាយុ៣៧ឆ្នាំ ដោយកាន់លិខិតឆ្លងដែនលេខ EN383201 និង ឈ្មោះ CATRY DAVIT NOEL M ភេទប្រុស អាយុ៣៤ឆ្នាំ ដែលពួកគេជាជនជាតិបែលហ្សិក។ ជនជាប់ចោទទាំង២នាក់ កាលពីថ្ងៃទី១០ មករា ២០១៨ ត្រូវបានកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំគ្រឿងញៀន ការសហការជាមួយសមត្ថកិច្ចគយនិងរដ្ឋាករ និងនគរបាលអន្តោប្រវេសន៍ ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ខ្លួន ករណីដឹកជញ្ជូន នូវសារធាតុញៀនឆ្លងដែនដោយខុសច្បាប់ តាមជើងយន្តហោះពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសអេត្យូពី និងថៃ ចូលមកកម្ពុជា។ ក្រោយពីចាប់ខ្លួន និងឃុំខ្លួន សំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការជំនុំជម្រះ ប្រកាសសាលក្រផ្តន្ទាទោស លើជនជាប់ចោទទាំង២នាក់ជាប់គុក អស់មួយជីវិត៕ ដោយ៖បញ្ញាស័ក្តិ