Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ ស្ថានភាពថ្លៃស្រូវ មិនមែនជាការស្ដីបន្ទោសគ្នានោះឡើយ ហើយការស្ដីបន្ទោសគ្នា មិនមែនជាដំណោះស្រាយនោះទេ ប៉ុន្ដែព្យាយាមមើលការពិតទាំងអស់គ្នា ហើយជ្រើសរើសដំណោះស្រាយ ដើរទៅទាំងអស់គ្នា

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលមានការចូលរួមផងដែរ ដោយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB និងលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា។ សន្និសីទនេះរៀបចំធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការសហការពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា មិនមែនយើងទើបតែឮពីបញ្ហាថ្លៃស្រូវនោះទេ ពេលខ្ញុំមកកាន់ក្រសួងកសិកម្មនាចុងអាណត្តិទី 6ដំបូង គឺមានបញ្ហាថ្លៃស្រូវនេះដែរ គឺវាកើតឡើងនៅពេលវេលាខុសគ្នានិងស្ថានភាពខុសគ្នា ហើយវិធានការដែលយើងដាក់ ទាល់តែយើងស្គាល់ស្ថានភាពជាក់ស្ដែង និងទិដ្ឋភាពពិតប្រាកដ។ ដូច្នេះហើយទើបយើងដាក់វិធានការទៅត្រូវជាប់បានយូរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ស្ថានភាពតម្លៃស្រូវនៅពេលនេះ យើងឃើញថាមានការធ្លាក់ចុះ ហើយយើងត្រូវស្គាល់ស្ថានភាពស្រូវពិតប្រាកដ។ ក្នុងពេលស្រូវរបស់យើងគឺមានប្រភេទខុសៗគ្នា។ យើងមិនចាំបាច់ចែកដល់ពូជនោះទេ គឺយើងចែកត្រឹមតែប្រភេទ គឺស្រូវដែលក្រអូបនិងស្រូវមិនក្រអូប គឺដែលរឿងហៅថាអង្គរស។ ស្រូវក្រអូបរបស់យើងមានច្រើនប្រភេទ ហើយតម្លៃកាលពីម្សិលមិញ នៅពេលដែលខ្ញុំទៅជួបពួកគាត់នៅខេត្តបន្ទាយមានជ័យ គឺពួកគាត់បានប្រមូលផលរួចដែលដាក់តាមផ្លូវសម្រាប់លក់ គឺមួយគីឡូ 1 350រៀល គឺជាតម្លៃដែលនៅខ្ពស់ដដែល។ ស្រូវដែលមិនក្រអូប ក្នុងនោះមួយផ្នែកធំគឺជាប្រភេទស្រូវអូអឹម គឺមានការធ្លាក់ចុះថ្លៃ។

បើតាមឯកឧត្តម បានថ្លែងបន្ថែមទៀតថា យើងឃើញថានៅមុនបំណាច់ឆ្នាំនេះកាលពីខែធ្នូឆ្នាំ 2024 កន្លងទៅនេះ តម្លៃស្រូវអូអឹមជាមធ្យមគឺ 1.200រៀលជាង ហើយរហូតដល់ថ្ងៃ 20 ធ្នូជាង ក៏តម្លៃស្រូវនៅត្រឹម 1150រៀល ជាងដែរ។ គឺស្ថិតក្នុងតម្លៃល្អមែនទែន ហើយក៏មិនធ្លាប់មានទៀតផង គឺជាប្រភេទស្រូវអង្គរសរនេះពុំដែលធ្លាប់មានទេ។

នៅពេលដែលពិភពលោកជួបគ្រោះអេនីញ៉ូម ដែលប្រទេសឥណ្ឌាប្រកាសថាមិននាំចេញអង្គរវែងនោះទេ ដែលកម្ពុជាយើងហៅថាអង្ករស។ អញ្ចឹងគាត់មិនឱ្យនាំចេញអង្ករស គឺប្រទេសមួយចំនួនបានព្រួយបារម្ភពីបញ្ហាសន្តិសុខស្បៀងរបស់គេ។ ប៉ុន្តែកម្ពុជាមិនបារម្ភបញ្ហានេះទេ ព្រោះយើងមានផលិតកម្មរបស់យើងគ្រប់គ្រាន់ហើយនិងការនាំចេញទៅទៀត។ ប្រជាពលរដ្ឋរបស់យើងសប្បាយចិត្តក្នុងការធ្វើបង្កបង្កើនផលនិងលក់ចេញទៅក្រៅ។ យើងលក់ចេញទាំងអង្ករ និងលក់ចេញទាំងស្រូវ។ ចំពោះតម្រូវការរបស់យើងក្នុងស្រុក ទាំងការហូបចុករបស់យើង និងទាំងរោងម៉ាស៊ីនរបស់យើង កិនជាអង្ករនាំចេញលក់បានតម្លៃខ្ពស់ទៀត។ យើងត្រូវការស្រូវត្រឹមតែ 6 លានតោនប៉ុណ្ណោះ ប៉ុន្តែយើងផលិតកន្លងមកឆ្នាំ 2022 យើងផលិតបាន 10 លានតោន ឆ្នាំ 2023 យើងផលិតបានដល់ទៅ 12 លានតោន ហើយនៅឆ្នាំ 2024 យើងបានដល់ទៅ 13,3លានតោន ដោយមិនសរុបការធ្វើស្រូវប្រាំងនោះទេ គឺលើសពីការប្រើប្រាស់តម្រូវការនៃការប្រើប្រាស់ក្នុងស្រុក អញ្ចឹងថាវាល្អអត់នៅពេលដែលទីផ្សារនៅតែស្រូបយកបានតម្លៃនៅតែខ្ពស់។ អញ្ចឹងក្រោយពីដាច់ឆ្នាំនេះទៅ ចាប់ផ្ដើមចូលដល់ខែមករាភ្លាម តម្លៃស្រូវចាប់ផ្ដើមធ្លាក់ចុះជាប្រភេទស្រូវអូអឹម។ អញ្ចឹងនិយាយនេះទៀតសោត មិនមែនដាក់បន្ទុកទៅលើទៅលើស្រូវនេះទេ។ ចូលដល់ពាក់កណ្ដាលខែមករានេះ ស្រូវប្រភេទអូអឹមចាប់ផ្ដើមធ្លាក់ដល់ 900រៀល ហើយនៅកន្លែងខ្លះធ្លាក់ដល់ 800រៀល ជាង ។ ស្ថានភាពខុសគ្នារវាងនៃប្រភេទស្រូវអាចឱ្យយើងចាប់អារម្មណ៍ថាតើយើងសួរថាតើស្ថានភាពខុសគ្នាវាកើតមកពីអីមានអ្នកក្រឡុកឬក៏យ៉ាងណាស្រូវវាត្រូវផ្សារភ្ជាប់និងទីផ្សារអង្គរ។ យើងត្រូវពិនិត្យមើលទីផ្សារអង្គរ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា អ​ញ្ចឹ​ង​យើង​ត្រៀម​ជួយ​ទៅ​តាម​លក្ខខណ្ឌ​មួយ​ចំនួន តែ​យ៉ាងណា​យើង​ក៏​មិន​អាច​ជួយ​ឱ្យ​ដូច​ស្រូវ​ខ្មែរ​យើង​ដែល​មាន​ទីផ្សារ ស្រាប់​ដូច​សព្វ​ថ្ងៃនេះ​បាន​ដែរ​។ យ៉ាងណា​ក្រសួង ក៏​គិតគូរ​ជួយ​រយៈពេល​វែង ហើយ​ក៏​ចង់​ពិភាក្សា​ជាមួយ​ប្រជា​កសិករ​ផង​ដែរ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ ក្នុង​នេះ ចង់​សួរ​ថា បងប្អូន​យើង​ចង់​ក្លាយ​ខ្លួន​ជា​សហគមន៍​ទំនើប ដែរ​ឬ​ក៏​អត់ ? សម្រាប់​សហគមន៍​កសិកម្ម​ទំនើប​នេះ យើង​នឹង​ជួយ​ដល់​បងប្អូន​ប្រជា​កសិករ​យើង ឱ្យ​ត្រឡប់​មក​ធ្វើ​ស្រូវ​សែន​ក្រអូប​។ ឆ្នាំ​នេះ បងប្អូន​ខាត​ជាមួយ​ស្រូវ OM ហើយ​ពិសេស​អ្នក ដែល​ជួល​ដី​គេ​ធ្វើ​ស្រូវ​ទាំងនេះ គឺ​ដឹង​តែ​ខាត​ហើយ តែ​សម្រាប់​អ្នក​មិន​បាន​ជួល​ដី​គេ​ទេ គឺ​អាច​ទប់ទល់ និង​អ្នក ដែល​មាន​ប្រភព​ទឹក​ល្អ​ថែម​ទៀត​អាច​ចំណេញ​ខ្លះ​ៗ​បាន​។ ប៉ុន្តែ​បើ​រដូវ​ថ្មី ពួក​គាត់​ចូលរួម​ជាមួយ​សហគមន៍​កសិកម្ម​ទំនើប គឺ​ពួក​គាត់​មិន​ចាំបាច់​ចំណាយ​លើ​ស្រូវ​ថ្មី​ទៀត​ទេ​។ ដោយ​ក្នុង​នេះ​មាន​ន័យ​ថា ក្រសួងកសិកម្ម នឹង​ផ្តល់​នូវ​កម្ចី​ដល់​កសិករ ក្នុង​ការ​ធ្វើស្រែ​តែ​ម្តង​។ ខ្ចី​ហើយ​កសិករ​ដាំ​ដុះ នៅ​ពេល​ប្រមូល​ផល​ហើយ​ទើប​កាត់ថ្លៃ​កម្ចី​ទាំងនេះ សង​ដល់​ក្រសួង​វិញ នោះ​យើង​នឹង​ឃើញ​ប្រាក់​ចំណេញ​តែ​ម្តង​។ អត់​មាន​ខាត​ទេ លើកលែងតែ​អាកាសធាតុ​អាក្រក់​រាំង​ស្ងួត​ខ្លាំង តែ​ក៏​មាន​ដល់​ថ្នាក់​បែប​នេះ​ដែរ ។

ឯកឧត្តម​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា ពេល​នេះ​សហគមន៍​កសិកម្ម​ទំនើប មាន​ដើមទុន​ឱ្យ​កសិករ​ខ្ចី​ដោយ​កសិករ​មិន​ព្រួយបារម្ភ​ពី​ការ​គ្មាន​ទុន​សម្រាប់​ដាំ​ដុះ​ស្រូវ​ទៀត​ទេ​។ ការ​ធ្វើ​កសិកម្ម​នេះ​ដែរ បើ​ឱ្យ​ខាត​គឺ​មិន​ខាត​ទេ គ្រាន់តែ​ចំណេញ​តិច ឬ​ច្រើន​ប៉ុណ្ណោះ​។ ពេល​ដែល​យើង​ធ្វើ​ម្នាក់ឯង​ពេល​ខ្លះ​ចំណេញ​ក៏​ចំណេញ​កប់​ក្តោង តែ​នៅ​ពេល​ខាត​ក៏​ខាត​ធ្ងន់​ដែរ​។ សម្រាប់​នៅ​ខែវស្សា​ក្រោយ​យើង​ធ្វើ​ផ្ការំដួល​ទាំងអស់​គ្នា ក្រសួង​ត្រៀម​ថវិកា​សម្រាប់​ជួយ​សហគមន៍​កុំឱ្យ​ពិបាក​ដាក់​លុយ​ខ្លួនឯង គ្រាន់តែ​នៅ​ពេល​លក់​វិញ​ត្រូវ​កាត់​សង​កម្ចី​ហ្នឹង​មក​វិញ ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ការចូលក្នុងសហគមន៍កសិកម្មទំនើប មានផលប្រយោជន៍ ៣ ដូចជា ការកាត់បន្ថយថ្លៃដើមផលិត, ការផលិតស្រូវមានគុណភាពត្រូវស្តង់ដារ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមចូលរួមផងដែរ ដើម្បីជួយផ្នែកឥណទាន។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើប ល្អយ៉ាងម៉េច? ទី១​ កាត់បន្ថយថ្លៃដើម គ្រប់គ្រងបរិមាណ គ្រប់គ្រងថ្លៃតាមរយៈផលិតកម្មតាមកិច្ចសន្យា ទី២ ស្រូវមានគុណភាព ដោយសាររបៀបដាក់ជី និងថ្នាំ មានសណ្ឋានតែមួយ។ឥឡូវនេះ ទើបតែមានសហគមន៍កសិកម្មទំនើបតិចណាស់ ព្រោះនៅពេលដែលស្រូវបានថ្លៃ ប្រជាពលរដ្ឋសប្បាយចិត្ត និងធ្វើតាមទម្លាប់ ហើយពេលហៅគាត់ទៅចូលរួម គាត់បដិសេធ ប៉ុន្តែឥឡូវស្ថានភាពវាខុសគ្នា។
សព្វថ្ងៃនេះ កម្ពុជាឈានដល់វិបត្តិតម្លៃស្រូវ បន្ទាប់ពីឥណ្ឌាបានបញ្ចេញស្រូវទៅលើទីផ្សារ ខណៈពេលឥណ្ឌូនេស៊ីក៏កាត់បន្ថយការនាំចូល ដោយសារឥណ្ឌូនេស៊ីក៏ជំរុញការផលិតរបស់ខ្លួន។ បញ្ហានេះ ទាំងកម្ពុជា ទាំងវៀតណាម និងថៃ សុទ្ធតែចាល់ស្រូវដូចគ្នា។

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចំនួន៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវដែលកំពុងធ្លាក់ថ្លៃពីកសិករ។ លោក កៅ ថាច លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែមករា នេះ។

លោក កៅ ថាច លើកឡើងដូច្នេះ៖ ថ្មីៗនេះ ដោយសារស្ថានភាពតម្លៃស្រូវមិនទាន់មានស្ថិរភាព រដ្ឋាភិបាលបានទម្លាក់បន្ថែម៣០លានដុល្លារទៀត នៅថ្ងៃនេះតែម្ដង។ លុយនេះ គឺមកដល់នៅធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់បញ្ចេញទៅដើម្បីទិញស្រូវតែម្ដង។ នេះអ្វីដែលរាជរដ្ឋាភិបាលបានរៀបចំ និងធ្វើអន្តរាគមជាបន្តបន្ទាប់។ គិតមកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចូលទៅក្នុងវិស័យស្រូវអង្ករជាង២០៨លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ៣០លានដុល្លារ ជាទុនវិនិយោគ ក្រៅពីនេះជាទុនបង្វិល។ កន្លងមករាជរដ្ឋាភិបាលធ្លាប់បានទម្លាក់ថវិកាទិញស្រូវពីកសិករចំនួន៥លើកមកហើយ ក្នុងនោះលើកទី១ គឺកាលពីខែកញ្ញា ឆ្នាំ២០១៦, លើកទី២ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ ខែកក្កដា ឆ្នាំ២០១៧, លើកទី៤ កាលពីខែកញ្ញា ឆ្នាំ២០២០, និងលើកទី៥ កាលពីខែមីនា ឆ្នាំ២០២៤។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងឱកាសចុះជួបកសិករនៅស្រុកមោងឫស្សី ខេត្តបាត់ដំបងដែលធ្វើការបិទផ្លូវជាតិលេខ៥នោះ ឯកឧត្តម រដ្ឋមន្ត្រី គុណគូរថ្លៃដើមចំណាយជាមួយកសិករ និងរកឃើញថា កសិករពួកគាត់លក់ស្រូវបាន ៩៥០រៀលក្នុង១គីឡូក្រាម ពួកគាត់មិនបានខាតបង់ទេ គ្រាន់តែប្រាក់ចំណេញរបស់ពួកគាត់តិចជាងមុន ដែលពីមុនស្រូវមានតម្លៃប្រមាណ ១០០០រៀលក្នុង១គីឡូក្រាម។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់លើកអំពីអ្វី ដែលជាមិនមែនដំណោះស្រាយ គឺការបិទផ្លូវ វាអត់មានជាដំណោះស្រាយនោះទេ នៅក្នុងលទ្ធិប្រជាធិបតេយ្យ គេចាប់ផ្ដើមធ្វើសកម្មភាពអ្វីមួយ គឺដើម្បីទាមទារឲ្យអ្នកដឹកនាំបានដឹងអំពីបញ្ហារបស់គេ»។

ឯកឧត្តម បានលើកឡើងទៀតថា ពេលនេះ មិនមែនជាការស្ដីបន្ទោសគ្នានោះឡើយ ហើយការស្ដីបន្ទោសគ្នា មិនមែនជាដំណោះស្រាយនោះទេ ប៉ុន្ដែព្យាយាមមើលការពិតទាំងអស់គ្នា ហើយជ្រើសរើសដំណោះស្រាយ ដើរទៅទាំងអស់គ្នា។

ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ១២៨៩ ឬក៏ទៅរាយការណ៍ ទៅកាន់មន្ដ្រីកសិកម្មតាមភូមិ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជួយស្វែងរកដំណោះស្រាយ នូវបញ្ហាដែលយើងបានជួបប្រទះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×