ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ទាំង ៧រូប ដែលជាប់ជាសមាជិកគណៈអចិន្ត្រៃយ៍បក្ស នាឱកាសសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ ។ នេះបើតាមលោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានសរសេរក្នុងផេកហ្វេសប៊ុកនៅថ្ងៃទី២០ ខែធ្នូនេះ លោកស សុខា បានថ្លែងថា សមាជិកគណៈអចិន្ត្រៃយ៍ថ្មីទាំង ៧រូប គឺជាធនធានមនុស្សដ៏សំខាន់ សម្រាប់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូលក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាយើង ឲ្យកាន់តែសំបូររុងរឿងថែមទៀត ។
សមាជិកអចិន្ត្រៃយ៍ថ្មីទាំង៧រូបនោះរួមមាន៖
១៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
២៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
៣៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
៤៖ លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ។
៥៖ លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
៦៖ លោក ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ ។
៧៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។
លោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយកខុទ្ទការល័យសម្តេចប្រធានព្រឹទ្ធសភា បានប្រាប់ថា បន្ទាប់ពីបញ្ចូលសមាជិកអចិន្ត្រៃយ៍ថ្មីទាំង៧រូបនេះ ពេលនេះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មានសមាជិកចិន្ត្រៃយ៍សរុបទាំងអស់ចំនួន៣៧រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន៨៦៥រូប។ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ពីមុនមានចំនួន៣៥រូប ប៉ុន្តែបានទទួលមរណភាពចំនួន៥រូប ដូច្នេះបញ្ចូលសមាជិកថ្មីថែម៧រូបទៀត ធ្វើឲ្យសមាជិកអចិន្ត្រៃយ៍ទាំងអស់កើនឡើងចំនួន៣៧រូប។
កិច្ចប្រជុំនៃសន្និបាតនេះ គឺមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែន ជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង១ពាន់នាក់។ សន្និបាតធ្វើឡើងជាទៀងទាត់ ដើម្បីបូកសរុបលទ្ធផលការងារនយោបាយកន្លងមក ព្រមទាំងកំណត់ទិសដៅនយោបាយ សម្រាប់ពេលខាងមុខ ក្នុងនោះក៏នឹងមានការពិភាក្សាត្រួតពិនិត្យ ការងារបច្ចុប្បន្នរបស់គណបក្ស តើមានអ្វីខ្លះដែលសម្រេចបានជោគជ័យ អ្វីខ្លះដែលនៅសេសសល់ អ្វីខ្លះជាបញ្ហាប្រឈម និងអ្វីដែលត្រូវកែលម្អ ដើម្បីធ្វើយ៉ាងណាដឹកនាំកម្ពុជា ឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ ដោយ ៖ រចនា