តាកែវ ៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវថ្មី បានចាប់ដៃជាមួយនិងមន្ទីរបរិស្ថានខេត្ត ប្ដេជ្ញាថានឹងយកផ្ការំដួលអោយបាន ៣ទង សម្រាប់ឆ្នាំ ២០១៩ខាងមុខនេះ ខណៈដែលក្រុងដូនកែវ ធ្លាប់បានទទួលផ្ការំដួលចំនួន ២ទង រយៈពេល ២ឆ្នាំរួចមកហើយ ។ ថ្លែងបែបនេះ គឺក្នុងពេលដែលមន្ទីរបរិស្ថានខេត្តតាកែវ បានរៀបចំនៅទិវាបរិស្ថានស្អាត ទីក្រុងស្អាត មានអនាម័យល្អ សុខភាពល្អ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី ២១ ខែធ្នូ ២០១៨ នេះ ដែលមានការចូលរួមពីលោក ឈូរ សុធា អភិបាលរងខេត្តតាកែវ រួមជាមួយមន្ត្រីរាជការ និងក្រុមគរុសិស្ស ប្រមាណជា ១៥០នាក់ ធ្វើការដើររើសសម្រាមនៅបរិវេណទីប្រជុំជនក្នុងក្រុងដូនកែវ ។
ថ្លែងមុនពេលចេញដំណើរ ក្នុងការសម្អាតបរិស្ថាន លោកឈូរ សុធា អភិបាលរងខេត្តតាកែវ បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាននៅក្នុងខេត្តរបស់យើងទាំងអស់គ្នា ដោយចូលរួមធ្វើការចោលសម្រាមដាក់ចូលទៅក្នុងធុងសម្រាម មិនត្រូវចោលសម្រាមពាសវាលពាសកាល ដែលនេះជាចំណុចដែលធ្វើអោយសោភ័ណ្ឌភាពក្នុងក្រុងដូនកែវរបស់យើងមានការថយចុះ និងបាត់បង់នៅការវាយតម្លៃយកពិន្ទុ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតជាមួយនឹងខេត្តគេដទៃ ។ ទទឹមនឹងនោះដែរលោកអភិបាលរងខេត្ត ក៏បានជំរុញអោយមន្ត្រីជំនាញ ក៏ដូចជាមន្ត្រីរាជការក្នុងខេត្ត នៅតាមស្ថាប័ននីមួយៗចូលរួម សិស្សានុសិស្សទាំងអស់ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្អាតបរិស្ថាន នៅតាមមូលដ្ឋានរបស់ខ្លួន ក៏ដូចជានៅតាមទីសាធារណៈអោយល្អស្អាតទាំងអស់គ្នា និងត្រូវជួយពន្យល់ឬណែនាំដល់អ្នកចោលសម្រាមពាសវាលពាសកាលផងដែរ ។
តំណាងអោយក្រុមគរុសិស្សភូមិភាគតាកែវ ចំនួន២រូប បាននិយាយថា ពួកគេរីករាយណាស់ដែលបានចូលរួមសកម្មភាពបម្រើការងារជួយដល់សង្គមបែបនេះ ហើយពួកគេស្វាគមន៍ជានិច្ច និងការចូលរួមសហការជាមួយបងៗមន្ត្រីរាជការ ក្នុងការសម្អាតបរិស្ថាននៅក្នុងក្រុងដូនកែវ ដើម្បីអោយមានសោភ័ណភាពល្អក្នុងក្រុងរបស់យើង ខេត្តរបស់យើង ដើម្បីសម្រេចអោយបានក្រុងដូនកែវ ទទួលយកផ្ការំដួល ៣ទង នៅឆ្នាំខាងមុខ ៕ ដោយ ៖ តាកែវ