វាមានចលនាវាដូចជាដង្កូវ ប៉ុន្តែបែរជាមានកន្ទុយវែងដូចជាកណ្តុរប្រមេះ ប្រសិនបើអ្នកដឹងរឿងពិតពីសត្វចម្លែកនេះ អ្នកអាចពុំត្រឹមភ័យខ្លាចប៉ុណ្ណោះទេ…លោះព្រលឹងតែម្តង។
ថ្មីៗនេះនៅក្នុងក្រុមល្បីល្បាញរបស់យុវវ័យមួយក្រុមមានបង្ហោះផ្សាយពីសត្វចម្លែកមួយ ហើយវាពិតជាទាក់ទាញអារម្មណ៍ពីសំណាក់មនុស្សច្រើនមជ្ឈដ្ឋាន។
ទាំងដង្កូវ និងកណ្តុរសុទ្ធសឹងជាប្រភេទសត្វពុំសូវមានអ្នកចូលចិត្តទេ ហេតុនេះឈ្មោះទាំងឡាយដែលគេដាក់ឲ្យវាប្រាកដជាពុំពិរោះស្តាប់ប៉ុន្មានឡើយ។
ដំបូងឡើយមានអ្នកថាវាជាសត្វនេះ សត្វនោះហើយចុងក្រោយពុំដឹងថា ជាសត្វអ្វី។ ប៉ុន្តែឆ្លងកាត់ការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា វាជាអម្បូរដង្កូវកន្ទុយកណ្តុរ Rat-tailed maggot។
ដង្កូវកន្ទុយកណ្តុរ ជាពងរបស់ពពួករុយ ក្នុងអម្បូរ Eristalini និង Sericomyiini ដែលតាំងពីដើមមកវាស្ថិតក្នុងប្រភេទសត្វចម្លែក និងកម្រប្រទះបំផុត។ លក្ខណៈពិសេសដើម្បីសម្គាល់វា គឺវាមានដងខ្លួនជាសណ្ឋានជាបំពង់លូនដូចជន្លេន ហើយមានកន្ទុយមួយយ៉ាងវែង។
កន្ទុយវែងមួយនេះ មានមុខងារដូចជាបំពង់ដកដង្ហើម ធ្វើឲ្យវាអាចទទួលបានអុកស៊ីសែន ពេលលិចក្នុងទឹក។ ហេតុនេះទើបពួកវាអាចរស់នៅបានយ៉ាងយូរក្នុងបរិស្ថានទឹករងការបំពុល។
រឿងដែលធ្វើឲ្យអ្នកអាចលោះព្រលឹងនោះ គឺពួកវានិយមរស់នៅក្នុងសាកសព។ អ្វីៗដែលអ្នកធ្លាប់ឃើញដង្កូវនៅក្នុងសាកសពនោះគឺពួកដង្កូវកន្ទុយកណ្តុរនេះឯង៕ ចន្ទ្រា