ខេត្តស្វាយរៀង ៖ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង គ្រួសារមានជីវភាពខ្វះខាត ១២ គ្រួសារ មកពី ៣ ឃុំ ក្នុងស្រុកស្វាយទាប គឺឃុំប្រសូត្រ កណ្តៀងរាយនិងឃុំស្វាយរំពា ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ខេត្តស្វាយរៀង ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកស្រី ពៅ សុភាព តំណាងលោក ម៉ែន វិបុល ប្រធានគណៈ កម្មាធិការសាខា បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជាដើមដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។
លោកស្រីក៏បានផ្តាំផ្ញើសូមឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលមានជីជាតិ ផឹកទឹកឆ្អឹនដែលដាំពុះ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឲ្យមូសខាំ ជៀសវាងកើតជំងឺគ្រុនចាញ់-និងជំងឺឆ្លងផ្សេងៗ ចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។
ត្រូវខិតខំប្រកបរបរបង្ករបង្កើនផល ដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារ និងបង្កើនស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះអគ្គីភ័យដែលងាយបានកើតឡើងជាយថាហេតុ ។ អំណោយបានចែកជូន ទាំង ១២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៤០,០០០ រៀល ៕ វ៉ៃគោ