មហាអំណាចយោធាពិភពលោក សហរដ្ឋអាមេរិច និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺកូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃច័ន្ទនេះបានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាដើម្បីស្ទាក់ចាប់មីស៊ីលរបស់ពីកូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
សមយុទ្ធត្រីភាគីដើម្បីស្ទាក់ចាប់មីស៊ីលនេះកើតឡើង មិនដល់រយៈពេល ២សប្តាហ៏ផងក្រោយពេល ទីក្រុងព្យុងយ៉ាងបានសាកល្បងបាញ់មីស៊ីលរយៈចំងាយឆ្ងាយ ហើយដែលរដ្ឋកុម្មុនិស្តនេះអះអាថាខ្លួនបានសម្រេចជារដ្ឋនុយក្លេអ៊េរ និងអាចមានសមត្ថភាពវាយប្រហារដល់គ្រប់ទីកន្លែងនៃទឹកដីអាមេរិច។
ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយនៅក្នុងសេចក្តីប្រកាសថា សមយុទ្ធរួមគ្នារយៈពេល ២ថ្ងៃនេះបានធ្វើឡើងនៅដែនទឹកក្បែរឧបទ្វីបកូរ៉េ និងជប៉ុន។
សេចក្តីប្រកាសបន្តទៀតថា “ក្នុងកំឡុងពេលធ្វើសមយុទ្ធ នាវាចំបាំងមកពីប្រទេសនីមួយៗនឹងធ្វើការចាប់ និងតាមដានមីស៊ីលដែលបាញ់ចេញពីកូរ៉េខាងជើង រួចនឹងធ្វើការចែកចាយព៌តមានដល់គ្នា”។
នាវាចំបាំងអាមេរិចចំនួន ២គ្រឿងបានចូលរួមក្នុងសមយុទ្ធ និងនាវាពីរគ្រឿងទៀតមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
ប្រទេសជប៉ុន និងកូរ៉េខាងត្បូងគឺជាដៃគូសន្តិសុខជាមួយនឹងអាមេរិច បើទោះបីជាទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុនមិនសូវល្អ ដោយសារតែទំនាស់ផ្នែកប្រវត្តសាស្ត្រ និងអធិបតេយ្យភាពក៏ដោយ។
កូរ៉េខាងត្បូង និអាមេរិចទើបតែបញ្ចប់ការធ្វើសមយុទ្ធទ្រងទ្រាយធំរបស់ខ្លួនកាលពីសប្តាហ៏មុន ដើម្បីបង្ហាញសាច់ដុំដាក់ប្រទេសកូរ៉េខាងជើង។ សមយុទ្ធរួមនោះដែរ ក៏មានការចូលរួមពីយន្តហោះទំលាក់គ្រាប់បែក និងយន្តហោះបំបាំងកាយអាមេរិចជាច្រើនគ្រឿងផងដែរ។
ភាពតានតឹងកំពុងតែកើនឡើងយ៉ាងខ្លាំងនៅឧបទ្វីបកូរ៉េ ក្រោយពេលព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបប្រភេទថ្មី ដែលខ្លួនបានអះអាងថា អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដ៏ធ្ងន់ និងធំ ហើយអាចបាញ់ដល់គ្រប់ទីកន្លែងនៃទឹកដីអាមេរិច៕ សុភ័ក្ត្រ