ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក.) បានរៀបចំវេទិកានិពន្ធនាយក ប្រចាំលើកទី១៥ នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសារព័ត៌មាន ចំនួន៦២រូប មកពី៣៩ស្ថាប័ន។ វេទិកានិពន្ធនាយកឆ្នាំនេះ ត្រូវប្រព្រឹត្តទៅក្រោមប្រធានបទ “ពង្រឹងសារព័ត៌មានអាជីព ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ”។
ជាមួយនឹងវេទិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូន “វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា” នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដែលធ្វើឡើងក្រោមប្រធានបទ “ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ”។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការនូវសារព័ត៌មាន ដែលមានថាមពលប្រកប ដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ គឺទាមទារឲ្យអ្នកសារព័ត៌មានរបស់យើងស្តាប់គ្រប់សំឡេង ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត ដើម្បីឲ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌មានពិតហើយធ្វើការឆ្លុះបញ្ចាំងឲ្យឃើញគ្រប់តថភាពសង្គម និងចៀសវាងការផ្សាយព័ត៌មានតែមួយគ្រុង ឬព័ត៌មានក្លែងក្លាយ ដើម្បីចូលរួមចំណែកប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
នៅក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ “វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា” ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងរៀបចំយន្តការសម្រាប់អនុវត្តន៍ ក្នុងគោលបំណងលើកស្ទួយសិទ្ធិសេរីភាពខាងសារព័ត៌មាន ពង្រឹងគុណភាព និងការទទួលខុសត្រូវផ្នែក ជីវៈសារព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ។
“វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា” ក៏ត្រូវធ្វើឡើងដើម្បី ចូលរួមចំណែកទប់ស្កាត់ ការបង្កចលនានៅក្នុងសង្គមដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ ទំនាក់ទំនងជាមួយប្រទេសជិតខាង ហើយរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍយូរអង្វែង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការកសាងសុខសន្តិភាពនៅក្នុងតំបន់ និងនៅលើសកលលោក។ ប្រធានបទស្តីពី “ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ” ពិតជាមានសារសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា និងសកលោកទាំងមូលកំពុងប្រឈមនិងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសតាមបណ្តាញទំនាក់ទំនងសង្គមដែលប្រើប្រាស់បច្ចេកវិជ្ជាទំនើប និងកំពុងពេញនិយមនាពេលបច្ចុប្បន្ន បានធ្វើឲ្យពិភពលោកមានភាពចលាចល ច្របូកច្របល់ និងកំពុងជួបប្រទះបញ្ហាអសន្តិសុខដ៏គួរឲ្យព្រួយបារម្ភ។
ជាមួយគ្នានេះដែរ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងប្រឈមយ៉ាងក្តៅគគុកទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយបំពុលបរិយាកាសសង្គមដែលបង្កឡើងដោយក្រុមអ្នកនយោបាយបក្សប្រឆាំងនិងពួកឱកាសនិយមក្នុងគោលដៅប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈការធ្វើបដិវត្តន៍ពណ៌ បំផ្លាញការរស់នឡើងវិញរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយអូសទាញប្រទេសឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដើម្បីបម្រើមហិច្ឆតាលោភលន់របស់ពួកគេដែលមានបរទេសនៅពីក្រោយខ្នង។
សូមបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សាយ៉ាងផុលផុស ថ្នាក់ដឹកនាំសារព័ត៌មានបានចេញសេចក្តីថ្លែងការណ៍១២ចំណុច ដែលអំពាវនាវឲ្យអ្នកសារព័ត៌មានបន្តអនុវត្តវិជ្ជាជីវៈ អំពាវនាវដល់ពលរដ្ឋប្រយ័ត្នក្នុងការទទួលព័ត៌មាន និងអំពាវនាវដល់រដ្ឋាភិបាល ចាត់វិធានការចំពោះអ្នកផលិត និងចែកចាយព័ត៌មានក្លែងក្លាយ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាតំណាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញធ្វើអធិបតីនៅក្នុងវេទិកានិពន្ធនាយកលើកទី១៥ ហើយបានអានសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្ញើជូនវេទិកានិពន្ធនាយក។
ខាងក្រោមនេះជា សេចក្តីថ្លែងការណ៍របស់វេទិកានិពន្ធនាយកលើកទី១៥ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា និង សារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយក ៖
ដោយ ៖ កូឡាប