វៀងចន្ទន៍ ឡាវ ៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថា ការអនុវត្តគម្រោងសុវត្ថិភាពទន្លេមេគង្គរយៈពេល៣ខែ ដែលចូលរួមដោយប្រទេសសមាជិកចំនួន ៦ នៃមហាអនុតំបន់ទន្លេមេគង្គ បានសម្រេចចេញជាលទ្ធផលចំនួន៦ចំណុច ក្នុងការទប់ស្កាត់ការចរាចរណ៍សារធាតុគីមីផ្សំនៅក្នុងតំបន់ ទប់ស្កាត់ការហូរចូល នៃគ្រឿងញៀន តាមបណ្តោយព្រំដែនពីតំបន់ត្រីកោណមាស។
បើតាមការផ្សាយផេកហ្វេសប៊ុកផ្លូវការរបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) នៅថ្ងៃទី២២ខែធ្នូនេះ បានឲ្យដឹងថា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃសុក្រទី២១ ខែធ្នូ ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំប្រតិភូចូលរួមកម្មវិធី បិទវគ្គ កិច្ចប្រជុំការអនុវត្តគម្រោងសុវត្ថិភាព ទន្លេមេគង្គរយៈពេល៣ខែ ដែលប្រទេសឡាវ ជាម្ចាស់ផ្ទះ នៃការអនុវត្តគម្រោង ដែលចូលរួមដោយប្រទេសសមាជិក៦ប្រទេស រួមមាន កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម ក្រោមអធិបតីភាពលោកសាវង្ស ថាម៉ាស៊ិត (Somvang Thammasith )អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ សាធារណៈ ឡាវ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការអនុវត្តគម្រោងនេះ និងទទួលធ្វើជាម្ចាស់ផ្ទះ នៃគម្រោងនេះ នៅដំណាក់កាលទី២ នៃឆ្នាំ២០១៩។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់ឲ្យដឹងបន្តថា ៖ក្នុងរយៈពេល៣ខែកន្លងមកនេះ ប្រទេសទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គ បានសហការគ្នាអនុវត្ត៖ ១.ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានរវាងប្រទេសទាំង៦ជាសមាជិក។ ២.បន្តផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀនគ្នា ទៅវិញទៅមក រវាង៦ប្រទេស។ ៣.បន្តបញ្ចូលទិន្នន័យ ករណីគ្រឿងញៀន ដែលបង្ក្រាបបានពីប្រទេសទាំង៦ ចូលក្នុងប្រព័ន្ធកុំព្យូទ័រ នៃគម្រោងសុវត្ថិភាពទន្លេមេគង្គ។ ៤.បញ្ជូនព័ត៌មានទៅវិញទៅមក តាមសម័យកាលទំនើបនៃបច្ចេកវិទ្យា ៥.ទប់ស្កាត់ការចរាចរណ៍ សារធាតុគីមីផ្សំ នៅក្នុងតំបន់ និង៦.ទប់ស្កាត់ការហូរចូល នៃគ្រឿងញៀន តាមបណ្តោយព្រំដែន ពីតំបន់ត្រីកោណមាស៕ ដោយ ៖ បញ្ញាស័ក្តិ