ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍០៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្វាយទាបខេត្តស្វាយរៀង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាព លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក តំណាងកងកម្លាំងទាំងបី ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាស្រុកទាំងអស់ មេឃុំ ស្មៀន ប្រធានប៉ុស្តិ៍រដ្ឋបាល ជាច្រើនរូបទៀត ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍ដោយបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោក អ៊ុង សា ត្រូវបានតែងតាំងជាអភិបាលរងស្រុកស្វាយទាប ខេត្តស្វាយរៀង។
លោក ហែម ពិសិដ្ឋ ក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា ៖
ទី១-ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
ទី២-បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។
ទី៣-គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
ទី៤-បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។
ទី៥-យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។
ទី៦-ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ
ទី៧-បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុង។
ស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។
ទី៨-បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។
ទី៩-ខិតខំរួមសហការគ្នាអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានការរីកចម្ររើនថែមទៀត ព្រមទាំងត្រូវចុះដោះស្រាយបញ្ហា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។
សូមបញ្ជាក់ថា ៖ យោងតាមប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ
លេខ៧៩១១ប្រ.ក ចុះថ្ងៃសុក្រ១៤កើតខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៨ ត្រូវបានតែងតាំង លោក អ៊ុង សា ឋានន្តរស័ក្ដិនាយក្រមការថ្នាក់លេខ៤ជាអភិបាលរង នៃគណៈអភិបាលស្រុកស្វាយទាបខេត្តស្វាយរៀង ៕ ដោយ ៖ វ៉ៃគោ