ភ្នំពេញ ៖ កម្មកររោងចក្រសេឌូណូ ជាង ១ពាន់នាក់ បានផ្ទុះការតវ៉ាដើម្បីទាមទារប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំរបស់ពួកគេ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ នៅមុខរោងចក្រនោះ ដែលស្ថិតនៅភូមិខ្វា នៅក្នុងខណ្ឌដង្កោ។
ក្រុមកម្មកររោងចក្រ សេឌូណូ អ៊ិនវេសមេន បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខរោងចក្រនោះ បានទាមទារឲ្យថៅកែរោងចក្រជាជនជាតិចិន បើកប្រាក់អតីតភាព និងប្រាក់បំណាច់ឆ្នាំរបស់ពួកគេ ដែលកម្មករខ្លះបានឲ្យដឹងថា ពួកគេបានបម្រើការងារនៅក្នុងរោងចក្រនោះមិនតិចជាង ១០ឆ្នាំ។ ប្រាក់អតីតភាពការងារ របស់កម្មកររោងចក្រ នឹងត្រូវទូទាត់ឲ្យកម្មករនិយោជិត នៅរៀងរាល់ ៦ខែម្ដង ចាប់ពីឆ្នាំ២០១៩ទៅ បន្ទាប់ពីរដ្ឋាភិបាល សម្រេចកែប្រែចំណុចខ្លះនៃច្បាប់ការងារ ដែលតម្រូវឲ្យថៅកែនិយោជក ផ្ដល់ប្រាក់អតីតភាពការងារជូនកម្មកររោងចក្រនៅទូទាំងប្រទេស៕ ដោយ ៖ បញ្ញាស័ក្តិ