សៀមរាប ៖ ជនសង្ស័យជាជនបរទេសចំនួន៣នាក់ បានធ្វើសកម្មភាពព្រួតគ្នា វាយទៅលើជនរងគ្រោះម្នាក់ ជាជនបរទេសដូចគ្នាឲ្យរងរបួសធ្ងន់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។
លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា នាវេលាម៉ោងប្រហែល២៤និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខហាង ឌ្រីងបារ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ជនសង្ស័យ ជាជនបរទេសចំនួន៣នាក់ ភេទប្រុស បានធ្វើសកម្មភាពព្រួតគ្នាវាយទៅលើជនរងគ្រោះ ជាជនបរទេសម្នាក់ ឈ្មោះ MARIO MAEHLMEYER ភេទប្រុសកើតឆ្នាំ១៩៧៦ ជនជាតិអាល្លឺម៉ង់ មុខរបរអ្នកជំនាញផ្នែកអ៊ីនធើណេត ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប បណ្តាលឲ្យសន្លប់ និងរងរបួសបាក់ឆ្អឹងប្រអប់ជើងខាងឆ្វេង បែកមាត់ រង្គើធ្មេញមុខ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសឹងរឹទ្ធិរ៉េត។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យរួមមាន ៖ ១.ឈ្មោះ STRAHIHJADACKOVIC ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិស៊ែប៊ី មុខរបរ គ្មាន ស្នាក់នៅបន្ទប់ជួល ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប, ២-ឈ្មោះ JAIYESH FAUJDAR ភេទប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិឥណ្ឌា មុខរបរអ្នកគ្រប់គ្រងសណ្ឋាគារ៨៤ ស្នាក់នៅសណ្ឋាគារ៨៤ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និង ៣-ឈ្មោះ MARKO VITOROVIC ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ ស្លូវ៉ានៀ (មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរធ្វើការតាមប្រព័ន្ធអ៊ីនធើណេត ស្នាក់នៅបន្ទប់ជួលភូមិវិហារចិនសង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។ ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បញ្ជូនមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ ។
ជនសង្ស័យទាំង៣នាក់ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ