ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និង មន្ត្រីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនពីរ នាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា របៀបវារៈសំខាន់ៗចំនួនពីរដូចខាងក្រោម ៖
១៖ ពិនិត្យរៀបចំគោលការណ៍កំណត់ថ្លៃលក់ទឹកស្អាតតាមបំពង់ របស់សហគ្រាសរដ្ឋ និងឯកជន៖ ស្របគ្នានឹងការបញ្ចុះថ្លៃអគ្គិសនី, ដើម្បីជួយសម្រួលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់បន្ថែម ទៅក្នុងការពិនិត្យលទ្ធភាពបញ្ចុះថ្លៃលក់ទឹកស្អាត ជូនប្រជាពលរដ្ឋ ដូចដែលបានដាក់ចេញនៅក្នុងកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដោយត្រូវពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជន ឱ្យបាន៩០% នៅឆ្នាំ ២០២៣ និង១០០% នៅត្រឹមឆ្នាំ២០២៥ ដោយឈរលើបុរេលក្ខខណ្ឌបួន គឺ៖ ទឹកត្រូវមានគុណ សុវត្ថិភាព និរន្តរភាព និង តម្លៃសមរម្យ ។
នាពេលបច្ចុប្បន្ន វិស័យផលិត និងផ្គត់ផ្គង់ទឹកស្អាត ត្រូវបានដំណើរការ និងគ្រប់គ្រងដោយសហគ្រាសសាធារណៈ និងឯកជន សរុបចំនួន២៦៩ ក្នុងនោះ អង្គភាពរដ្ឋាករទឹកសាធារណៈមាន១៣ (ថ្នាក់ខេត្ត-ក្រុង មាន១១ និងថ្នាក់ស្រុកមាន២) និងប្រតិបត្តិករឯកជនមាន ២៥៦ (ថ្នាក់ខេត្ត-ក្រុង មាន១៤ និងទីប្រជុំជន ២៤២) ។ ការផ្គត់ផ្គង់ទឹកស្អាតមានលក្ខណៈមិនដូចនឹងការផ្គត់ផ្គង់អគ្គិសនី ដែលការផលិតមានលក្ខណៈប្រមូលផ្តុំ ហើយដែលការតភ្ជាប់អគ្គិសនីទៅតាមតំបន់ជបបទ (ភូមិ/ឃុំ) មានភាពងាយស្រួយជាង ។
ចំណែកឯការតភ្ជាប់ និងការបញ្ជូនទឹកស្អាតទៅតំបន់ឆ្ងាយៗ នៅជួបការលំបាកច្រើន ដែលទាមទារទុនវិនិយោគបន្ថែមក្នុងទំហំទឹកប្រាក់ដ៏ច្រើន។ បច្ចុប្បន្ន ភាពខុសគ្នានៃការកំណត់ថ្លៃលក់ទឹកស្អាត ត្រូវបានកំណត់តាមមូលដ្ឋានជាក់ស្តែងនីមួយៗ ដោយត្រូវរាប់បញ្ចូលនូវកត្តាស្ថានភាពភូមិសាស្ត្រ គុណភាព ប្រភពទឹកឆៅ ស្ថានភាពជីវភាពប្រជាជន ស្ថានភាពពលកម្ម និងកម្រិតយល់ដឹងអំពីប្រសិទ្ធភាព សំអាតទឹករបស់ប្រតិបត្តិករនីមួយៗ។
ពាក់ព័ន្ធនឹងបញ្ហាថ្លៃទឹកស្អាតនេះ អង្គប្រជុំបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងបានគិតគូរថ្លឹងថ្លែងគ្រប់ទិដ្ឋភាព ក្នុងគោលបំណងធ្វើយ៉ាងឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពកម្រិតមធ្យម និងទាប ទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃមួយ សមរម្យអាចទទួលយកបាន តាមរយៈការរិះរកវិធានការកាត់បន្ថយចំណាយថ្លៃដើមនៃការផលិត និងផ្គត់ផ្គង់ទឹកស្អាតរបស់ប្រតិបត្តិករទឹកស្អាតទាំងអស់ ទាំងសហគ្រាសសាធារណៈ និងឯកជន ក្នុងនោះ អង្គប្រជុំ បានពិនិត្យលទ្ធភាពមួយចំនួនសំខាន់ៗ រួមមាន វិធានការគាំទ្រផ្នែកសារពើពន្ធ, លទ្ធភាពជួយឧបត្ថម្ភធនរបស់រដ្ឋ ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងវិធានការរួមផ្សំដទៃផ្សេងទៀត ។
២. សេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូឆ្នាំ ២០១៩-២០២៣៖អង្គប្រជុំបានបន្តពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងយុទ្ធសាស្ត្រ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូឆ្នាំ ២០១៩-២០២៣” ដែលរៀបចំឡើងដោយគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គជនា/កអក) ។
អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីសារសំខាន់ នៃយុទ្ធសាស្ត្រនេះ ដែលមានគោលដៅចម្បង គឺការបន្តកៀរគរ គ្រប់គ្រង និងលើកកម្ពស់ស័ក្តិសិទ្ធភាព នៃហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តគោលដៅ អាទិភាពជាតិដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ ដើម្បីសម្រេចគោលដៅនេះ យុទ្ធសាស្ត្របានរៀបចំគោលការណ៍ យន្តការ និងឧបករណ៍មួយចំនួន ក៏ដូចជា ក្របខណ្ឌលទ្ធផលសម្រាប់តាមដានការអនុវត្ត ក្នុងបរិការណ៍នៃការប្រែប្រួលយ៉ាងឆាប់រហ័ស នៃនិម្មាបនកម្មក្នុងប្រទេស និងសកល ។
“សេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូឆ្នាំ ២០១៩-២០២៣” ត្រូវបានពិភាក្សា ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល យ៉ាងទូលំទូលាយរួចហើយ មុននឹងយកមកដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ នាពេលនេះ ។
បន្ថែមលើនេះ អង្គប្រជុំបានពិភាក្សាលើចំណុចមួយចំនួន ក៏ដូចជាការឆ្លើយបំភ្លឺបន្ថែមពីក្រសួង-ស្ថាប័នសាមី ដែលធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ មុននឹងរាជរដ្ឋាភិបាលអនុម័ត ដាក់ឱ្យអនុវត្តនាពេលខាងមុខនេះ៕ ដោយ ៖ កូឡាប