តាកែវ ៖ នារីបម្រើការងារនៅហាងដូងមាស ២រូប ស្នើសុំអោយសមត្ថកិច្ចជួយចាប់ជនសង្ស័យដែលបន្លំដាក់ថ្នាំរូបនាងយកគ្រឿងអលង្ការ ខណៈដែលរូបនាងទាំង២ ត្រូវបានជនសង្ស័យពីររូបចូលមកផឹកស៊ី ហើយល្បួងរូបនាងទាំងពីរយកទៅតាម ដោយប្រើមធ្យោបាយដឹកជញ្ជូនឡានរបស់ជនសង្ស័យម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T-0507 នាំរូបនាងចេញពីហាងផឹកស៊ីដូង មាស ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ឆ្ពោះទៅផ្ទះសំណាក់មួយកន្លែងយីហោ អង្គរជ័យ នៅក្នុងស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃ ទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ ។
បើតាមសម្តីរបស់នារីរងគ្រោះទាំងពីររូបបាននិយាយថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី ២៥ខែធ្នូ ឆ្នាំ ២០១៨ មានបុរស ០២នាក់បានចូលមកផឹកស៊ីក្នុងហាងខាងលើ លុះដល់ម៉ោង ១២យប់ រូបនាងទាំង ០២នាក់ បានព្រមទៅជាមួយបុរសខាងលើ តែមិននឹកស្មានថា ពួកគេទាំងពីរនាក់នោះ នាំរូបគេទៅដល់ខេត្តកំពង់ស្ពឺឡើយ ដោយទម្រាំទៅដល់ខេត្តកំពង់ស្ពឺនោះគឺ ម៉ោងប្រហែលជា ៤ភ្លឺថ្ងៃទី ២៦ ខែធ្នូ ២០១៨ ទើបរកបានផ្ទះសំណាក់ដេក លុះដល់ម៉ោង ១១ថ្ងៃត្រង់ ជនសង្ស័យទាំង ២នោះ បាននាំរូបគេទៅ ញុំបាយ ពេលញុំបាយរួចរូបគេនិងជនសង្ស័យបានត្រឡប់មកផ្ទះសំណាក់វិញ ហើយក៏ត្រូវជនសង្ស័យលួចដាក់ថ្នាំ ពួកនាងទាំង២នាក់ អោយដោះគ្រឿងអលង្ការចេញពីខ្លួន មកអោយរូបគេ រួចគេបាននាំរូបនាងទាំងពីរ មកទុកចោលនៅក្បែរស្ពានព្រែកភ្នៅ ដោយប្រាប់ថាអោយចាំបន្តិច រូបគេមានការងារបន្ទាន់មួយធ្វើការងាររួច រូបគេនិងមកយកវិញ និយាយរួចជនសង្ស័យហើយក៏បើកឡានចេញបាត់ទៅ រហូតបាត់ដល់ទៅ ៣ម៉ោង យូរពេករូបនាងទាំងពីរបាន នាំគ្នាជិះរថយន្ត តាក់ស៊ីត្រឡប់មកហាងវិញ នៅខេត្តតាកែវ ហើយម្ចាស់ហាងបាននាំរូបនាងទាំងពីរ ទៅដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីជួយតាមចាប់ជនសង្ស័យ ដែលប្រើកល្បិចល្បួងនារីតាមហាងដោះយកគ្រឿងអលង្ការអស់ពីខ្លួន ។
នារីរងគ្រោះខាងលើរួមមានឈ្មោះ វ៉ាន់ ទេវី ហៅស្រីម៉ៅ អាយុ ២២ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត និងនារីម្នាក់ទៀតមានឈ្មោះ ម៉ែន ស្រីពេជ្រ អាយុ ២១ឆ្នាំ រស់នៅស្រុកបូរីជលសារ ខេត្តតាកែវ សព្វថ្ងៃនារីទាំងពីរនាក់បម្រើការងារក្នុងហាងដូងមាស។ ចំពោះសម្ភារៈ និងគ្រឿងអលង្ការដែលបាត់នោះរួមមាន កងដៃឆុត ២ឆុត ចិញ្ចៀនផ្លាកទីន ១វង់ មាស ១វង់ និងទូរស័ព្ទ iPhone មួយគ្រឿង ៕ ដោយ ៖ តាកែវ