ភ្នំពេញ ៖ លោកនួន ផារ័ត្ន បានជំរុញឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ត្រូវចុះត្រួតពិនិត្យជាប្រចាំនៅទីតាំងសត្តឃាតដ្ឋាន ពិសេសអនាម័យ សាច់សត្វ និងផលិតផលសាច់សត្វ ដែលនាំចូលដែលខូចគុណភាព រួមដែលចរាចរណ៍លើទីផ្សារ និងនាំចូលពីប្រទេសជិតខាង រួមទាំងទំនិញផ្សេងៗ បន្លែបង្ការ ម្ហូបអាហារ និងត្រូវចូលរួមទប់ស្កាត់បង្កាបបទល្មើសព្រៃឈើ ការជួញដូរសត្វព្រៃ បទល្មើសជលផលអោយមានប្រសិទ្ធភាពខ្ពស់។
ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញថ្មី នៅសាលារាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី ២៧ ធ្នូឆ្នាំ២០១៨ លោក នួន ផា រ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានធ្វើការជំរុញឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ រួមគ្នាថែរក្សាសួនច្បារ និងដាំដើមឈើ នៅក្នុងរាជធានីភ្នំពេញ ឲ្យបានច្រើន ដើម្បីឲ្យទីក្រុងមួយនេះ ក្លាយជាទីក្រុងមានពណ៌បៃតងស្រស់ស្អាត។ ក្រៅពីការងារនេះ ការងារដាំដើមឈើ ការថែទាំដើមឈើធំៗ នៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវរួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញផងដែរ។
លោកបន្តថា នៅក្នុងរាជធានីភ្នំពេញរបស់យើង គ្មានដើមឈើឲ្យកាប់ទេ មានតែថែទាំនិងការដាំដើមឈើបន្ថែមសំដៅធ្វើយ៉ាងណាឲ្យរាជធានីក្លាយ ជាទីក្រុងមានពណ៌បៃតងស្រស់ស្អាត។ ក្រៅពីការងារខាងលើ លោកនួន ផារ័ត្ន ក៏បានជំរុញឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ ត្រូវចុះត្រួតពិនិត្យជាប្រចាំទីតាំងសត្តឃាតដ្ឋាន ពិសេសអនាម័យសាច់សត្វ និងផលិតផលសាច់សត្វ ដែលនាំចូល ពីប្រទេសជិតខាង និងក្នុងប្រទេសដែលខូចគុណភាពនាំឲ្យបង្កឲ្យមានផលប៉ះពាល់សុខភាពអ្នកបរិភោគ។ ត្រូវចូលរួមទប់ស្កាត់បង្កាបបទល្មើសព្រៃឈើ ការជួញដូរសត្វព្រៃបទល្មើសជលផលឲ្យមានប្រសិទ្ធភាពខ្ពស់។ ជាងនេះទៅទៀត លោកនួន ផារ័ត្ន ក៏បានស្នើឲ្យប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ ដែលទើបឡើងថ្មីនេះ មានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងមន្ទីររបស់ខ្លួន រួមនិងសាមគ្គីភាពជាមួយនឹងស្ថាប័នរដ្ឋផ្សេងៗទៀត ដូចជាមន្ទីរនានា សង្កាត់ ខណ្ឌ និងជាមួយរដ្ឋបាលរាជធានីភ្នំពេញ។
លោក នុត ចាន់សុខា រដ្ឋលេខាធិកាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ការប្រកាសតែងតាំងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ នាពេលនេះ គឺបានបង្ហាញពីស្នាដៃជាច្រើនរបស់មន្ទីរដែលបានសម្រេចនាពេលកន្លងមក។ ចំពោះការងារបន្តប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារគ្រប់គ្រងកូនចៅឲ្យបានល្អ ចេះស្រឡាញ់កូនចៅ សាមគ្គីផ្ទៃក្នុងឲ្យបានល្អ មានក្រមសីលធម៌ល្អ មិនបក្ខពួក មិនត្រូវលាបពណ៌ឲ្យគ្នាចៀសវាងបែកបាក់ផ្ទៃក្នុង ។ ប្រធានមន្ទីរត្រូវមានការសហការ ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដែលនៅជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញ ដើម្បីជំរុញការងាររបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរ និងត្រូវសិក្សាឲ្យបានច្បាស់លាស់ពីការថែទាំ ការដាំកូនឈើនៅក្នុងរាជធានី ដើម្បីឲ្យទីក្រុងរបស់យើងមានពណ៌បៃតង៕ ដោយ ៖ កូឡាប