ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានលោកអ៊ឹម ឈុនលឹម ជាប្រធាន បានអនុម័តជាឯកច្ឆន្ទ ច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ស្របនឹងរដ្ឋធម្មនុញ្ញ ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៨ ខែធ្នូ នេះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២៨ខែធ្នូនៅអគារ ស វិមានរដ្ឋចំការមន ដើម្បីពិនិត្យនិងសម្រេចសំណើរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្ដីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ។
លោក អ៊ឹម ឈុនលឹម បានថ្លែងថា “ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័ត ជាឯកច្ឆន្ទដោយចំនួន ៨ សំឡេងនៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល (អវត្តមាន ១អង្គ ដោយមូលហេតុប្រឈួន ) ថាស្របនឹងរដ្ឋធម្មនុញ្ញ”៕ ដោយ ៖ កូឡាប