Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្យារ​ពេល​រុះរើ ក្រោយ​មាន​ការតវ៉ា​ខ្លាំងៗ ខណ​:​ពលរដ្ឋ​ជាង ១០០​គ្រួសារ ផ្ដិតមេដៃ​អះអាងថា លោកយាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ស្របច្បាប់

ខេត្ត​ស្វាយរៀង ​៖ ​លោក​គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​ស្វាយរៀង​បាន​បញ្ជូន​ក្រុមការងារ យក​សាលក្រម​ស្ថាពរ​ចុះ​រុះរើ​ផ្ទះ​របស់​លោកយាយ កឹម​សារ៉ាត់​នៅ​ថ្ងៃ​ទី​២៨ ខែ ធ្នូ ឆ្នាំ ២០១៨​តែ​ការរុះរើ​នេះ​ត្រូវបាន​ពន្យារពេល ដោយសារ​មានការ​តវ៉ា​ខ្លាំងៗ​ពី​ប្រជា​ពល​ដ្ឋ​មេភូមិ​និង​មេឃុំ​ ខណ​:​ដែល​ប្រជាពលរដ្ឋ​ចំនួន​១០៦​គ្រួសារ បាននាំគ្នា​ផ្ដិតមេដៃ​អះអាង បញ្ជាក់ថា លោកយាយ កឹម សារ៉ាត់ ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ស្របច្បាប់ នៅ​ចំណុច​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក យ៉ាង​ពិតប្រាកដ ដោយ​រស់នៅ​យ៉ាង​សុខសាន្ត តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ ។​

​ទាក់ទង​ករណី​នេះ​មេភូមិ មេឃុំ និង​មេ​ប៉ុស្តិ៍​មិន​បាន​សហការ​ឱ្យ​រុះ​រើ​ផ្ទះ​និង​យក​ដី​របស់​លោកយាយ​កឹម​សារ៉ាត់​នេះ​ដោយ​ពួក​គាត់​អះអាង​ថា លោកយាយ កឹម សារ៉ាត់ នៅ តាំងពី​ឆ្នាំ​១៩៧៩ ​មកម្ល៉េះ​រហូតមកដល់​បច្ចុប្បន្ន ។​

​យោងតាម​លិខិត ដែល​ចុះហត្ថលេខា​និង​ផ្តិតមេដៃ ទទួលស្គាល់​ដោយ លោក ន​ន់ សា​ផន មេភូមិ​កំពង់ត្រាច និង លោក យូ យ៉ុន មេឃុំ​កំពង់ត្រាច​បាន​បញ្ជាក់ថា​ “ឈ្មោះ កឹម សារ៉ាត់ ភេទ​ស្រី ពិតជា​មាន​ដី​បណ្ដោយ​ទំហំ ៦៥​ម៉ែត្រ និង ទទឹង ២៨​ម៉ែត្រ បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩ រហូតមកដល់​សព្វថ្ងៃ​។ ដី​នេះ​មិន​មាន​ការពាក់ព័ន្ធ ក្នុងការ​ជាប់កិច្ចសន្យា​លក់ ឬ​បញ្ចាំ​ទៅឲ្យ​បុគ្គល​ណា​ម្នាក់ ឬ​ស្ថាប័ន​ណា​ឡើយ​” ​។​

​បើ​យោង​តាម​សេចក្ដី​អះអាង ដែល​ផ្ដិត​មេដៃ ដោយ​ប្រជាពលរដ្ឋ ចំនួន​១០៦ គ្រួសារ​បាន​បញ្ជាក់ថា​ “យើងខ្ញុំ​ទាំងអស់គ្នា ជា​ប្រជាជន រស់នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង សូម​ជួយ​ផ្តិតមេដៃ និង​គាំទ្រ​ដី លោកយាយ កឹម សារ៉ាត់ ដែល​មាន​ទំហំ ៦៥​ម៉ែត្រ និង​ទទឹង​២៨​ម៉ែត្រ​ ដោយ​មេភូមិ និង​មេឃុំ​កំពង់ត្រាច​បាន​ចែក ឲ្យ​រស់​នៅ​តាំងពី​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩” ។​

​ពាក់ព័ន្ធ​ករណី​នេះ ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ដែល​ដឹង​ដំណើររឿង​ដី​ខាងលើនេះ​បានបង្ហាញ ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ដោយ​ចោទ​ជា​សំណួរ​ទៅកាន់ លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ស្វាយរៀង ថា​លិខិត ជូនដំណឹង​បញ្ជាក់ថា នឹង​ចុះ​រុះរើ​ផ្ទះ​ឬ ខ្ទម​ចេញ​នៅ​ភូមិ​តា​ត្រាវ ចុះ​ហេតុអ្វី​បានជា​គ្រោង​រុះរើ​ផ្ទះ​របស់ លោកយាយ កឹម សារ៉ាត់ ដែល​ស្ថិតនៅ​ទីតាំង​ភូមិ​កំពង់ត្រាច​ទៅវិញ ដែល​មាន​ចម្ងាយ ខុស​គ្នា​រាប់គីឡូម៉ែត្រ​? ( គួរ​ចុះ​អង្កេត​ដល់​ទី​កន្លែង​ទើប​ដឹង​ការពិត​) ។

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ៖ ​ករណី​នេះ​គឺ​កន្លងមក​ធ្លាប់​មាន​ការចេញ​ដីកា​ ក៏​ដូច​ជា​លិខិត​ជូនដំណឹង​ឱ្យ​រុះរើ​ជាច្រើន​ដង​ស្ទើរ​រាប់​មិន​អស់​ប្រហែលជា​១០​ឆ្នាំ​ហើយ​គឺ​ដីកា​ចេញ​មក​ខុស​ឈ្មោះ​ទីតាំង​ភូមិ​ក្នុង​ដីកា ឬលិខិត​ជូនដំណឹង​សរសេរ​ថាៈ​ឱ្យ​រុះរើ​ផ្ទះ​ ឬខ្ទម​ចេញពី​ភូមិ​តា​ត្រាវ​ឃុំ​កំពង់ត្រាច​តែ​ដី​វិញ​ស្ថិតនៅ​ភូមិ​កំពង់ត្រាច​ឃុំ​កំពង់ត្រាច​ទៅវិញ​?​ វា​ជា​រឿង​ដដែលៗ​ដោះ​មិន​ចេញ​ទេ​ហើយ​ដី​នេះ​បើ​តាម​ការអះអាង​របស់​អាជ្ញាធរ​ភូមិ​-ឃុំ រួម​និង​ប្រជាពលរដ្ឋ​នោះ​គឺ​ឈ្មោះ​កឹម សារ៉ាត់ ពិតជា​មាន​ដី​នៅទីនេះ​បាន​រស់នៅ​តាំងតែ​ពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ​ចុះ​ហេតុអ្វី​បានជា​មិន​ចប់​មិន​ហើយ​ចឹង​?​រឺ​មួយ​នៅ​បក់ផ្សែង​ឱ្យ​ហុយ​មិន​ព្រម​ពន្លត់ភ្លើង​ទៅវិញ​?៕ ដោយ ៖ វ៉ៃ​គោ​

 

  

×