ភ្នំពេញ ៖ វគ្គបណ្ដុះបណ្ដាលមួយ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដោយមានសិក្ខាកាមជាច្រើននាក់ សុទ្ធសឹងជាមនុស្សពេញវ័យ ដើរជាន់លើអំបែងកែវរួចមក ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម មានការចាប់អារម្មណ៍ ប្លែក រិះគន់យ៉ាងខ្លាំង ព្រោះតែកម្មវិធីបណ្ដុះបណ្ដាលមួយនេះ មិនធ្លាប់ជួបពីមុនមក។
មូលហេតុដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺ សិក្ខាកាមដែលបានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលមួយឈ្មោះ “អាថ៌កំបាំង២១យ៉ាងរបស់មហាសេដ្ឋី” គឺមានវគ្គមួយតម្រូវឲ្យសិក្ខាកាមត្រូវដើរលើ កម្ទេចអំបែង (កែវ ដប)។ ក្រោយពីឃើញទិដ្ឋភាពបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនបង្ហាញអារម្មណ៍ពេញចិត្ត ហើយអ្នកខ្លះមិនពេញចិត្ត ព្រមទាំងមានសំណួរជាច្រើន ទាក់ទងវគ្គបណ្តុះបណ្តាលមួយនេះ ចំណែកអ្នកខ្លះប្រើពាក្យរិះគន់ខ្លាំងៗ។
លោកWilliam Guang វឌ្ឍនា សារពង្ស ប្រធានគណបក្សខ្មែរក្រោក បានសរសេរផេកហ្វេសប៊ុកថា មានសាលាបង្រៀនភាព ជោគជ័យមួយ ឈ្មោះ MSL បានញុះញង់នាំយុវជនយុវតីឲ្យដើរលើអំបែងកែវ ដែលគេហៅថា វគ្គសិក្សាពិសេស ។ នេះជាករណីប្លែកមួយ ដែលជាលក្ខណៈទារុណកម្ម មិនមែនជាបច្ចេកទេស ក្នុងប្រព័ន្ធអប់រំឡើយ សូមក្រសួងអប់រំមេត្តា ពិនិត្យករណីនេះ ។ ដើម្បីបញ្ឈប់ក្រុមដើរបង្រៀនភាពជោគជ័យ ដែលមិនធ្លាប់រៀនគរុកោសល្យ នាំបរិបទឆ្កួតលីលា បែបនេះ សាបព្រោះក្នុងសង្គមខ្មែរ។
បើតាមគណនីហ្វេសប៊ុក ឈ្មោះ Seiha Voeurn ដែលជាគ្រូក្នុងវណ្តុះបណ្តាលមួយ ដែលបង្រៀនឲ្យក្លាហាន ប្រកបមុខរបរជំនួញ និងហ៊ានដើរជាន់លើអំបែងកែវ បានបញ្ជាក់ឡាយវីដេអូ ក្រោយពីមានការរិះគន់ថា ធនធានគេមាន គេគាំទ្រ គេអោយតម្លៃ ចុះយើងវិញ? មនុស្សខ្លាំងជាងអំបែងកែវ មនុស្សអាចធ្វើបាន ហើយខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះវគ្គបណ្តុះបណ្តាលនេះ ដែលមានបញ្ហាគ្រោះថ្នាក់ ហើយបើយើងចេះតែក្តិចគ្នាទៅវិញទៅមកនោះ ធនធានមនុស្សរបស់យើងមិនអាចកើតបានទេ ហើយគេនៅចាំក្តិចគ្រាន់តែកើតមកភ្លាមគេក្តិចបាត់ អីចឹងមនុស្សលែងធ្វើអ្វីដែលអស្ចារ្យបានហើយ។ បើអ្នកគិតថាល្អ គិតថាស្រឡាញ់ អ្នកត្រូវតែធ្វើ ហើយត្រូវតែដុសខាត់ខ្លួនឯងជាមុនសិន រឿងតូចតាចបែបនេះ មិនមែនជាឧបសគ្គសម្រាប់យើងទេ អរគុណលោកគ្រូ អ្នកគ្រូទាំងអស់គ្នា អរគុណMSL ដែលបានបង្រៀនវគ្គបណ្តុះបណ្តាលពិសេសមួយនេះ។
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ហ្វេសប៊ុកមួយឈ្មោះ Sien SamRith បានបង្ហោះរូបភាព និងវីដេអូមួយ ដែលបានធ្វើឲ្យមហាជនមួយចំនួនធំមានការភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងនោះម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានសរសេរសារមួយថា៖”បើអ្នកគិតថាល្អ គិតថាស្រលាញ់ អ្នកត្រូវតែធ្វើ ហើយត្រូវតែដុសខាត់ខ្លួនឯង ជាមុនសិន រឿងតូចតាចបែបនេះ មិនមែនជាឧបសក្ត័សំរាប់យើងទេ អគុណលោកគ្រូ អ្នកគ្រូទាំងអស់គ្នា អរគុណMSL ដែលបានបង្រៀន វគ្គបណ្តុះបណ្តាលពិសេសមួយនេះ”។
សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ដោយមានការដើរជាន់លើអំបែងកែវ ដោយលាត់ជើងខោដោះស្បែកជើង ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង ព្រោះតែអំបែងកែវជាវត្ថុ ដែលមានគ្រោះថ្នាក់ បើកាលណាដើរជាន់ត្រូវ ធ្វើឲ្យមានរបួស ឬក៏បង្កជាជំងឺតេតាណូស។ ពុំគួរណាធ្វើបែបនេះឡើយ ហើយអ្នកខ្លះបានបញ្ចេញយោបល់ថា បើចង់បានជោគជ័យក៏ពុំគួរធ្វើបែបនេះដែរ មានតែការខិតខំប្រឹងប្រែងអត់ធ្មត់ទេទើបទទួលបានជោគជ័យ។
លោកបានអះអាងថា វគ្គនេះជួយឲ្យជម្នះភាពភ័យខ្លាច ដោយហេតុផលថា ដូចជាទាហានដែលល្អ ទាល់តែធ្វើការហ្វឹកហាត់រឿងលំបាកៗជាច្រើន តស៊ូលើរឿងជាច្រើន ទើបអាចការពារប្រទេសប្រកបដោយសមត្ថភាព។ ឯនៅក្នុងវិស័យជំនួញវិញ ជាមូលដ្ឋានគ្រឹះនៃការក្នុងវិស័យជំនួញទាល់តែហ៊ានជំនះរាល់ឧបសគ្គ ហ៊ានធ្វើអ្វីដែលខ្លួនមិនធ្លាប់ធ្វើ ដូចជាការដើរជាន់អំបែងកែវ ឬភ្លើងជាដើម។ គោលដៅវគ្គនេះអាចនាំឲ្យមនុស្សមានការសម្រេចចិត្តដោយខ្លួនឯងដោយភាពជឿជាក់ ភាពរឹងមាំ និងជំនះរាល់ឧបសគ្គដែលនឹងកើតមានឡើងនៅក្នុងជីវិត។
ចំណែកគណនីមួយ បានសរសេរថា ផ្ទុះហើយ តែសម្រាប់ខ្ញុំ ខ្ញុំក៏បានឆ្លងកាត់វគ្គពិសេសនេះ ដោយជោគជ័យ ហើយក៏មិនមានបញ្ហាដែរ មិនមែន free ទេ គឺបង់លុយច្រើន ហើយវាក៏បានជួយខ្ញុំច្រើនដែរ ។
រីឯ គណនី ហុង ប៊ុនហេង បានលើកឡើងថា អ្វីដែលយើងគិតយើងធ្វើវាខុសពីអ្វីដែលអ្នកធ្វើ!!! រៀនមិនបានស៊ីទេ តែវាឈប់ខ្លៅ ដើរលើអំបែងក៏មិនជោគជ័យដែរ តែវាមានឆន្ទៈ មានកម្លាំងចិត្ត មានមហិច្ឆតា មានភាពក្លាហាន មានការតស៊ូ មានការជម្នះឧបសគ្គ មានការតាំងចិត្តយ៉ាងមុតមាំ មានផែនការ មានគោលដៅពិតប្រាកដ មានគំនិតគិតត្រូវជាងមុន មិនខ្លៅដូចមុនដែលមិនបានចូលរៀននោះទេ។ ការពិតមកពីពួកគាត់ មិនដែលចូលរួមក្នុងកម្មវិធីសិក្ខាសិលាផង និងមួយឆ្នាំទល់មួយឆ្នាំ ចឹងគាត់មិនដឹងនោះទេ ហើយមេរៀនទាំងនេះ ក៏គេមានយូរហើយដែរ ដែលត្រូវបានគេយកមករៀនតៗគ្នានោះ!!! បរទេសទូទាំងពិភពលោក គេធ្វើបានយូរហើយ ចូលមើលYouTube ទៅ កុំឲដូចកង្កែបក្នុងអណ្តូងពេកអរគុណណាស់ អ្នកដែលបានផ្សព្វផ្សាយពីស្តាប័ន MSL របស់យើងខ្ញុំឲ្យមានការចាប់អារម្មណ៍បែបនេះ!។
ផេកហ្វេសប៊ុក Success Reveal កាលពីថ្ងៃទី២៧ខែធ្នូ បានសរសេរថា បើល្ងង់សួរគេ ត្រូវសួរថាគេដើរដើម្បីអ្វី? ហើយហេតុអ្វីបានជាគេហ៊ានរៀបចំឲ្យដើរ ? តាមពិតអំបែងទាំងនេះមិនមុតជើងទេ អ្នករៀបចំគេបានដឹងជាមុនហើយថាវាមិនមុត ព្រោះមិនមែនជាអំបែងដបធម្មតាទេ ។ វាជាល្បិចសៀកគេធ្វើនោះទេ អ៊ីចឹងអ្នករៀបចំគេបានដឹងរួចទៅហើយថា វាមិនមុត ។ ហ្គេមនេះ គឺគ្រាន់តែចង់បង្រៀនយើងថា ពេលខ្លះរឿងខ្លះនៅក្នុងជីវិតដែលយើងជឿថា វាមិនអាចទៅរួច ធ្វើមិនកើត តែការពិតវាគ្រាន់តែជំនឿផ្ទាល់ខ្លួន របស់យើងប៉ុណ្ណោះ ! វាគ្រាន់តែជាការខ្លាចរបស់យើងប៉ុណ្ណោះ ការពិតសមត្ថភាពរបស់យើង អាចធ្វើបានលើសពីអ្វី ដែលយើងគិតថាអាច! ដូចជាការរលាស់ខ្លួន ចេញពីភាពក្រីក្រ ប្រសិនបើអ្នកជឿថា មាននរណាជាអ្នកកំណត់ជោគវាសនា របស់យើងរួចហើយ ទោះខំយ៉ាងណា ក៏វានៅតែប៉ុណ្ណឹង អ៊ីចឹងយើងនឹងក្រអស់មួយជីវិត ។ នេះក៏ព្រោះតែជំនឿផ្ទាល់ខ្លួន របស់យើង ។ សរុបមកវិញហ្គេមនេះ គេធ្វើឡើងនៅក្នុងសិក្ខាសាលាគេ បានរៀបចំរួចរាល់អស់ហើយ ហើយដើម្បីអត្ថន័យអប់រំប៉ុណ្ណោះ ។ កុំមើលតែនឹងភ្នែក ហើយវាយតម្លៃ តើនរណាហ៊ានបង្រៀនគេឲ្យគ្រោះថ្នាក់ទៅ ។ បញ្ជាក់៖ ខ្ញុំអ្នកធ្លាប់ចូលរួមក្នុងហ្គេមនេះ ។
ផេក ឈ្មោះ Ork Nourn បានលើកឡើងថា គេតែ អូនតែ គេស្ករ អូនស្ករដែរ (កង្កែបក្នុងអណ្តូង)
ខ្ញុំតាមដានរាល់ comments ទៅឃើញថា ប្រជាជនយើងនៅឆ្ងាយណាស់ ឬអាចនិយាយបានថា យើងដើរក្រោយគេឆ្ងាយណាស់ ។ ដើរក្រោយគេមិនសំខាន់ សំខាន់អូនអត់ដឹងអីផង តែអូនសូម Comments យកល្បីមួយសិន ជាពិសេសអូនអត់ចង់ដឹងទៀត តែអូនគិតថា វាមិនត្រូវ វាមិនដែលអូនអត់ដែល ឃើញគេធ្វើចឹងផងនៅស្រុកអូន ជាប្រយោជន៍យ៉ាងម៉េច ក៏អូនមិនខ្វល់ សំខាន់អូនអត់ចូលចិត្ត តែកុំចេះតែហ៊ាន ជាមួយអូន អូនចេះគ្រប់រឿង ចេះគ្រប់យ៉ាង ហើយកើតមក គឺចេះចឹងម៉ង មិនបាច់រៀនអីទេ ប្រធានបទស្អីក៏អូនចេះដែរ ចង់នយោបាយៗ ចង់សេដ្ឋកិច្ចៗ ចង់រឿងជោគជ័យក៏បាន ស្អីក៏អូនចេះដែរ គឺអូនអាច comments បានគ្រប់យ៉ាងទាំងអស់ហ្នឹង តែអូនឆ្ងល់តែម្យ៉ាងទេ មិនដឹងថ្ងៃណាទើបអូនជោគជ័យ ខំអុជធូបដែរ ខំរកគ្រូទាយដែរ ខំសែនគ្រប់បែបគ្រប់យ៉ាង សែនចិន សែនខ្មែរ តែអូននៅតែមិនជោគជ័យទៀត ៕ ដោយ ៖ កូឡាប