គេហទំព័រ cen.com.kh ធ្លាប់បានចុះផ្សាយអត្ថបទ “មាសក្លែងក្លាយ “គុណភាពដ៏ខ្ពស់” របស់ចិនចូលលុកលុយនៅវៀតណាមមិនយូរទេ… អ្នកជំនួញខ្មែរត្រូវប្រុងប្រយ័ត្ន” កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៨ ។
នៅថ្ងៃទី ៩/១១ មេប៉ូលិសខេត្ត Quang Ninh វៀតណាម បានឲ្យដឹងថា គេកំពុងតែប្រមូលផ្តុំស៊ើបអង្កេតករណីដែលហាងមាសមួយចំនួនក្នុងប្រទេសនេះ បានរងទទួលការ “ចាញ់បោក” មាសពុំគ្រប់ទឹក (មានមាសប្រមាណ ៥០%) ផលិតដោយចិន ហើយសូម្បីដុតក៏… មិនដឹងដែរ ។
អ្នករាយការណ៍ដែលជាម្ចាស់ហាងមាសធំមួយ បានរាយការណ៍ប្រាប់ប៉ូលិសថា ៖ “ខ្ញុំបានប្រើភ្លើងខ្លាំងដុតឃើញមានកម្ទេចល្អិតៗក្នុងមាស ។ ខ្ញុំដុតរំលាយមាស១ដុំ ពេលផ្ងារម្ខាងឃើញពណ៌ស ហើយពេលចាក់វាជាពុម្ពវិញ វាក្លាយជាមាសដូចគ្រាដំបូង ។ ពេលយកទៅដាក់ចូលក្នុងម៉ាស៊ីនវិភាគ Spectrophoto metry វាពុំផ្តល់លទ្ធផលចេញមក ។ ខ្ញុំក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយវៀតណាមនោះ មាសប្រភេទនេះ ត្រូវបានឈ្មួញចិន សហការនឹងឈ្មួញវៀតណាមធ្វើការបំបែកលក់ជាចំណែកតូចៗ នៅតាមប្រជុំជនជាច្រើន ។
ព័ត៌មានដំបូងអ្នកវិទ្យាសាស្ត្រគឺមាសនេះមានលាយសារធាតុ Vonfram (Wolfram ឬ Tungsten) ។ ក្នុង១គីឡូមាសនេះត្រូវបានឈ្មួញទុច្ចរិតចិនដាក់បញ្ចូលមាសសុទ្ធតែកន្លះគីឡូប៉ុណ្ណោះ (៥០%) ។
អាជីវករខ្មែរគួរចាប់អារម្មណ៍ឲ្យមែនទែន ប្រយ័ត្នរងការខាតបង់ ៕
ពេលនោះព័ត៌មានស្តីពីបច្ចេកវិទ្យារបស់អ្នកវិទ្យាសាស្ត្រចិនទទួលជោគជ័យក្នុងការប្រែក្លាយស្ពាន់ឲ្យទៅជាមាសពុំទាន់ត្រូវបានប្រកាសឡើយ ។
តាមគេហទំព័រ Vietnamnet ឲ្យដឹងថា អ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានគីមី-រូបវិទ្យា Dalian (Dalian Institute of Chemitry-Physics) ទើបប្រកាសជាសាធារណៈអំពីលទ្ធផលស្រាវជ្រាវលើទស្សនាវដ្តីថ្មី Science Advances ដោយពណ៌នាពីរបៀបដែលពួកគេប្រែក្លាយសារធាតុស្ពាន់ធម្មតាឲ្យទៅជាវត្ថុធាតុម្យ៉ាង “ស្ទើតែដូចបេះបិទ” ជាមួយមាស និងប្រាក់ ។
ប្រភេទវត្ថុធាតុ មានឫសគល់ដើមជាស្ពាន់នេះដើរតួនាទីជា កាតាលីករ Catalysts ក្នុងការពិសោធន៍ផលិតស្រាពីធ្យូងថ្ម -ប្រតិកម្មមួយដែលមានតែលោហៈមានតម្លៃដូចជាមាសទើបមានសមត្ថភាពអនុវត្តទៅបាន ។
ពួកគេបានដុតបន្ទះស្ពាន់តូចមួយដោយចរន្តឧស្ម័ន argon ក្តៅមានបន្ទុកអគ្គិសនី ។ ដំណើរការនេះធ្វើឲ្យអាតូមរបស់ស្ពាន់រងបន្ទុកអគ្គិសនីក្នុងពេលដែលគ្រាប់អេឡិចត្រុង (electron) របស់វាក្លាយទៅជាធ្ងន់ ហើយស្ថិរភាពជាង ជាហេតុនាំឲ្យវត្ថុធាតុនេះ ប្រែប្រួលស្រដៀងទៅនឹងមាសជាង ព្រោះតែសមត្ថភាពប្រឆាំងនឹងការសឹករិចរិល អុកស៊ីតកម្មនិងសីតុណ្ហភាពខ្ពស់ ។
ការសិក្សាដែលចុះផ្សាយលើទស្សនាវដ្តី Science Advances បានបង្ហាញឲ្យឃើញថា វត្ថុធាតុថ្មីដែលផ្អែកលើអង្គធាតុគីមី “ស្ពាន់” អាចជំនួសឲ្យធាតុមាសនិងប្រាក់ ដែលមានតម្លៃថ្លៃ ក្នុងវិស័យផលិតបរិក្ខារអេឡិចត្រូនិច ។ ព្រោះថាតាមការប៉ាន់ស្មាននោះ សម្រាប់ផលិតទូរស័ព្ទឆ្លាតវៃ ៤០គ្រឿង គេត្រូវការវត្ថុធាតុមាសចម្រាញ់យកចេញពីរ៉ែមាសមួយតោនឯណោះ ។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ និងបាន “កើតមានឡើង” ពីរឿងមាសក្លែងក្លាយគុណភាពខ្ពស់ គឺដោយសារបច្ចេកវិទ្យា “កំពូល” របស់អ្នកវិទ្យាសាស្ត្រត្រូវបានជនទុច្ចរិត យកមកអនុវត្ត ដើម្បីកេងប្រវ័ញ្ចយកផលចំណេញបុគ្គល ។
មានន័យថា “បច្ចេកវិទ្យាកំពូល” ត្រូវបានបែកធ្លាយ ហើយអាជីវករទាក់ទងនឹងមាសប្រាក់ទាំងឡាយគប្បីប្រុងប្រយ័ត្នឲ្យមែនទែន ៕ ចន្ទ្រា