Tuesday, January 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (APASME) អញ្ជើញដឹកនាំក្រុមហ៊ុនចំនួន៩ជាសមាជិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Kelvin MO ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (The Asia Pacific Association Small and Medium Enterprises – APASME) អញ្ជើញដឹកនាំសហការី និងតំណាងក្រុមហ៊ុនចំនួន៩ដែលជាសមាជិកសមាគម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ ។

តាមរយៈជំនួបនាឱកាសនេះ លោក Kelvin MO បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឱ្យរូបលោកដឹកនាំគណៈប្រតិភូនៃសមាគមចូលជួបពិភាក្សា និងស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបរិយាកាសវិនិយោគ និងលក្ខខណ្ឌបទដ្ឋានគតិយុត្តនានាសម្រាប់កិច្ចវិនិយោគនៅកម្ពុជា ក្រោយគណៈប្រតិភូធ្លាប់បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងបេសកកម្មគោះទ្វារវិនិយោគរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅប្រទេសកាណាដា កាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។ លើកឡើងបន្ថែមពីនេះ លោកប្រធានសមាគមសន្យានឹងចូលរួមផ្សព្វផ្សាយឱ្យបានផុសផុលអំពីកាលានុវត្តភាពរបស់កម្ពុជាក្នុងសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក។

សមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (APASME) គឺជាអង្គការមិនរកប្រាក់ចំណេញដែលជំរុញលើកកម្ពស់ភាពជាដៃគូលើវិស័យធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបេសកកម្មសម្របសម្រួលនិងជំរុញការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជីវកម្មធុនតូច និងមធ្យម ជាមួយគ្រប់វិស័យពាក់ព័ន្ធ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×