ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ក្រសួងយុត្តិធម៌ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ គឺមានរយៈពេល១ឆ្នាំគត់ ដែលក្រសួងយុត្តិធម៌បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹងនិងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (១). យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២). យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្នុងការអនុវត្តយុទ្ធនាការរយៈពេល១ឆ្នាំ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញលទ្ធផលសំខាន់ៗនៃការ អនុវត្តយុទ្ធនាការទាំង ២ខាងលើ សម្រាប់រយៈពេល ១ឆ្នាំ ដូចខាងក្រោម៖
ទី១៖ ក្នុងរយៈពេល ១ឆ្នាំនេះ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿងទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងក្តីដទៃទៀត បានចំនួន ១៨៨,៩៤២ ស្មើនឹង ៨២,៤១% នៃសំណុំរឿងសរុបចំនួន ២២៩ ២៧២ ទាំងសំណុំរឿងដែលមានមុនពេលប្រកាសបើកយុទ្ធនាការ និងសំណុំរឿងដែលចូលថ្មី ក្រោយពេលប្រកាសបើកយុទ្ធនាការ។ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ក្នុងការដោះស្រាយរឿងក្តីបានឆាប់រហ័សជូនប្រជាពលរដ្ឋ។
ទី២៖ ក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ គិតចាប់តាំងពីពេលគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានប្រកាសទទួលបណ្ដឹងពីប្រជាពលរដ្ឋទាំងអស់ដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿង របស់ខ្លួនមានភាពមិនប្រក្រតី, ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកកាន់លេខាធិការដ្ឋាននៃគណៈបញ្ជាការ ដឹកនាំយុទ្ធនាការ ចំនួន ២,៤១៣បណ្ដឹង ប៉ុន្តែមាន១៧បណ្ដឹង ដែលមិនអាចបញ្ជូនទៅចាត់ការបាន ដូច្នេះបណ្តឹងរបស់ប្រជាពលរដ្ឋដែលគណៈបញ្ជាការដឹកនាំយុទ្ធនាការ ត្រូវចាត់ការមានចំនួនសរុប ២,៣៩៦បណ្ដឹង៕ រក្សាសិទ្ធដោយ៖សុទ្ធលី